
កូរ៉េខាងត្បូង ចេញច្បាប់ពិសេសថ្មី ហាមការលក់ និង ទទួលទានសាច់ឆ្កែក្នុងប្រទេស
រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង បានសម្រេចចិត្តដាក់ចេញច្បាប់ពិសេសថ្មីនៅចុងឆ្នាំនេះ ដោយធ្វើការហាមប្រាមលែងឱ្យមានការលក់ និង ទទួលទានសាច់ឆ្កែក្នុងប្រទេសបន្តទៅទៀត។
ច្បាប់ពិសេសថ្មីនេះដែរ នឹងហាមមិនឱ្យមានការចិញ្ចឹម និង សម្លាប់សត្វឆ្កែ សម្រាប់បរិភោគ រួមទាំងការហាមមិនឱ្យមានការចែកចាយលក់បន្តផងដែរ។ ការហាមប្រាមនេះដែរ នឹងចាប់ផ្ដើមអនុវត្តធ្វើឡើងនៅក្នុងឆ្នាំ ២០២៧ ខាងមុខ។ ខាងរដ្ឋាភិបាល និង គណបក្សកាន់អំណាច គ្រោងនឹងជួយដល់ពលរដ្ឋដែលប្រកបរបរលក់សាច់ឆ្កែ ឱ្យផ្លាស់ទៅប្រកបរបរផ្សេងវិញ។ វិធានការក្នុងការជួយដោះស្រាយនោះដែរ រួមមាន ការផ្លាស់ទៅប្រកបរបរសាកវប្បកម្ម ឬ ការចិញ្ចឹមសត្វគោក្របីមាន់ទាជាដើម។
បើតាមលោក Yu Eui-dong ប្រធានគោលនយោបាយប្រចាំគណបក្ស PPP បាននិយាយថា៖ «វាដល់ពេលហើយ ដែលសង្គមរបស់យើងគួរតែបញ្ចប់ការទទួលទានសាច់ឆ្កែ ដោយងាកមកគិតគូរពីការបង្កើនចំនួនសត្វចិញ្ចឹម ពង្រឹងការយល់ដឹង និង វត្តមានរបស់ប្រទេសយើងនៅអន្តរជាតិ»៕