អង្គការ NASA៖ កងរង្វង់ជុំវិញភពសៅរ៍ នឹងមើលលែងឃើញ ក្នុងពេល ១៨ ខែខាងមុខនេះ
ពេលវេលាកាន់តែខើចទៅៗហើយ សម្រាប់កងរង្វង់នៅជុំវិញភពសៅរ៍ ដោយនៅសល់ពេលត្រឹមតែ ១៨ ខែទៀតប៉ុណ្ណោះ កងរង្វង់នេះ នឹងបាត់មើលលែងឃើញ។
ថ្មីៗកន្លងទៅនេះ ខាងអង្គការ NASA បានប្រកាសថា អ្នកចូលចិត្តគយគន់ផ្កាយ ក៏ដូចជាបណ្ដាភពផ្សេងៗលើលំហអាកាស គឺមានពេលដល់ត្រឹមឆ្នាំ ២០២៥ ប៉ុណ្ណោះ ក្នុងការមើលឃើញភពសៅរ៍ពេញលក្ខណៈរូបរាង ជាមួយកងរង្វង់ជុំវិញ មុនពេលវាផ្អៀងគែមជាមួយផែនដី ធ្វើឱ្យរង្វង់នោះមើលលែងឃើញ។
មានន័យថា បច្ចុប្បន្ន យើងអាចមើលឃើញកងរង្វង់ភពសៅរ៍ ដោយសារតែការវិលផ្អៀងរបស់ភពនេះជុំវិញប្រព័ន្ធព្រះអាទិត្យ ដូច្នេះហើយ ក្នុងរយៈពេលប៉ុន្មានខែខាងមុខ យើងអាចនឹងមិនអាចមើលឃើញកងរង្វង់នេះ ពីភពផែនដីទៅនោះឡើយ។ ជាក់ស្ដែង ឆ្នាំ ២០២៥ គឺជាឆ្នាំធំមួយ ដែលពួកយើងអាចនឹងមើលកងរង្វង់នោះលែងឃើញ ដោយសារតែមុំនៃការវិលផ្អៀងរបស់វានេះឯង៕