កូនៗចេះតែឈឺពោះ ឪពុកម្តាយតាមទៅពិនិត្យបាយនៅសាលា ស្រាប់តែឃើញចុងភៅដាក់ពងទាស្អុយឱ្យសិស្សហូប
ថ្មីៗនេះមានរឿងរ៉ាវមួយកំពុងផ្ទុះផ្អើលនៅលើបណ្តាញសង្គមក្នុងប្រទេសម៉ាឡេស៊ី ដោយមានឪពុកម្តាយជាច្រើនបានចេញមកតវ៉ាសុំពិនិត្យបាយសាលា ព្រោះកូនៗចេះតែឈឺពោះគ្រប់គ្នា ដល់ពិនិត្យទៅស្រាប់តែឃើញថាសាលាយកសុទ្ធតែពងស្អុយខ្មៅវ៉ក់មកឱ្យសិស្សហូប។
ក្នុងនោះ ព័ត៌មានបានឱ្យដឹងថា សិស្សថ្នាក់ទី ៤ និង ទី ៥ ក្នុងសាលារៀននេះ ម្នាក់ៗចេះតែកើតការឈឺពោះសឹងគ្រប់ៗគ្នា មិនដឹងមកពីមូលហេតុអ្វីឡើយ វាក៏បានធ្វើឱ្យពួកគេរៀនមិនសូវបានល្អនោះទេ ទាំងដែលជិតដល់ថ្ងៃប្រឡងទៅហើយ។
ឃើញបែបនេះហើយ ឪពុកម្តាយអាណាព្យាបាលនីមួយៗក៏បានចូលទៅរាយការណ៍ខាងសាលាឱ្យបានដឹង សាលាក៏បានទាក់ទងទៅពិនិត្យជាមួយនឹងអ្នកគ្រប់គ្រងអាហារ ក៏បានឃើញថាមានពងទាស្អុយខ្មៅៗជាច្រើនគ្រាប់ ដែលត្រូវបានយកឱ្យសិស្សបរិភោគ។ យ៉ាងណាមិញ ខាងសាលាក៏បានដាស់តឿនទៅខាងអ្នកគ្រប់គ្រងអាហារខាងលើ ព្រមទាំងបានកាត់លុយថ្លៃពងទាចេញ តែខាងអាណាព្យាបាលនៅតែមិនអស់ចិត្ត ម្នាក់ៗសង្ស័យថាមកពីយកឆ្នាំងធំពេកទៅស្ងោរ ទើបពងទាចេញមកបែបនេះ។
តាមព័ត៌មានបានឱ្យដឹងទៀតថា នេះមិនមែនជាលើកទីមួយទេដែលខាងសាលាហាក់មិនសូវយកចិត្តទុកដាក់ជាមួយនឹងអាហារពេលថ្ងៃរបស់សិស្ស ពោលគឺលើកមុនក៏ធ្លាប់មានសិស្សឈឺពោះជាច្រើននាក់មកហើយដែរ ដោយសារតែម្ហូបហឹរពេក៕