ហេតុការណ៍រត់ជាន់គ្នានាពិធីបុណ្យសាសនាមួយនៅឥណ្ឌា ស្លា-.ប់របួសមនុស្សជាង ១០ នាក់
តាមការចេញផ្សាយរបស់សារព័ត៌មានឥណ្ឌា មានហេតុការណ៍រត់ជាន់គ្នាមួយ បានកើតមានឡើងនៅក្នុងស្រុក Gopalganj រដ្ឋ Bihar ខណៈមនុស្សរាប់រយនាក់ បានប្រមូលផ្ដុំចូលរួមបួងសួងក្នុងពិធីបុណ្យសាសនាមួយហៅថា Durja Puja Festival។
ក្នុងហេតុការណ៍នោះដែរ បានបណ្ដាលឱ្យមនុស្ស ៣ នាក់បាត់បង់ជីវិត និង ប្រមាណ ១៤ នាក់ផ្សេងទៀតរងរបួស ដោយអ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ បើតាមការបញ្ជាក់ពីប៉ូលិសក្នុងតំបន់ បានរៀបរាប់ថា៖ «ដំបូងឡើយ មានក្មេងម្នាក់រងរបួស ពេលចូលរួមពិធីបុណ្យនោះ ហើយពេលមនុស្សព្យាយាមយកក្មេងនោះទៅមន្ទីរពេទ្យ ក៏មានការស្លន់ស្លោរហូតកើតជាការរត់ជាន់គ្នាតែម្ដង»។
គួរបញ្ជាក់ថា ពិធីបុណ្យ Durga Puja គឺជាពិធីបុណ្យសាសនាដ៏ល្បីល្បាញមួយក្នុងប្រទេសឥណ្ឌា ដែលតែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ រយៈពេល ៥ ថ្ងៃជាប់គ្នា។ ក្នុងថ្ងៃដែលមានការរត់ជាន់គ្នានោះដែរ គឺជាថ្ងៃទី ៤ នៃការប្រារព្ធពិធីបុណ្យនេះហើយ៕