(វីដេអូ) ផ្អើលព្រលានយន្តហោះនៅអង់គ្លេស មានអគ្គិភ័យសន្ធោសន្ធៅ ឆេះផ្ទុះឡានច្រើនគ្រឿងយ៉ាងរន្ធត់
ជើងហោះហើរជាច្រើនត្រូវបានពន្យារពេល ក្រោយមានហេតុការណ៍អគ្គិភ័យយ៉ាងខ្លាំងក្លាមួយបានឆាបឆេះឡើងនៅកន្លែងចតយានយន្តក្នុងព្រលានយន្តហោះ Luton ចក្រភពអង់គ្លេស បណ្ដាលឱ្យយានជំនិះជាច្រើនផ្ទុះឆេះសាយភាយអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ។
តាមព័ត៌មានបានឱ្យដឹងថា អគ្គិភ័យឆេះក្នុងព្រលានខាងលើនេះដែរ កើតមានឡើងនៅយប់ថ្ងៃទី ១០ ខែតុលា កន្លងទៅ ដោយកើតចេញដំបូងចេញពីឡានមួយគ្រឿងនៅជាន់លើបំផុតនៃកន្លែងចតយានយន្តក្នុងព្រលានយន្តហោះអន្តរជាតិ Luton។ ត្រឹមប៉ុន្មាននាទីក្រោយ ចំណតជាន់ខាងលើទាំងមូល ត្រូវបានភ្លើងឆេះគ្របដណ្ដប់ សូរសំឡេងផ្ទុះក៏កើតមានឡើងបន្តបន្ទាប់ ធ្វើឱ្យភ្លើងកាន់តែរាលដាលខ្លាំងគួរឱ្យរន្ធត់បំផុត។
បើតាមការបញ្ជាក់ពីខាងក្រុមសង្គ្រោះបានឱ្យដឹងថា ពាក់កណ្ដាលនៃទីតាំងចំណត ត្រូវបានឆេះខ្ទេចទាំងស្រុង ខណៈមនុស្សចំនួន ៥ នាក់ ក្នុងនោះ ៤ នាក់ជាអ្នកពន្លត់អគ្គិភ័យ បានរងរបួស និង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាល៕