លោកយាយ អាយុ ១០៤ ឆ្នាំ ទទួលមរណភាពត្រឹមប៉ុន្មានថ្ងៃ ក្រោយជាប់ជាអ្នកលោតឆត្រយោងចាស់ជាងគេបំផុត
លោកយាយ Dorothy Hoffner ដែលទើបតែជាប់កំណត់ត្រាពិភពលោក Guinness World Record ជាស្ត្រីលោតឆត្រយោងចំណាស់ជាងគេបំផុតក្នុងប្រវត្តិសាស្ត្រកាលពីពេលថ្មីៗកន្លងទៅនោះ បានទទួលមរណភាពហើយ កាលពីថ្ងៃទី ០៩ ខែតុលា កន្លងទៅនេះ។
បើតាមការបញ្ជាក់ពីមិត្តជិតស្និទ្ធរបស់លោកយាយ ប្រាប់ Chicago Tribune បានឱ្យដឹងថា លោកយាយបានលាចាកលោកទាំងកំពុងគេងលង់លក់ ដោយការស្លាប់របស់លោកយាយគឺគ្មាននរណាម្នាក់រំពឹងថាមកលឿនបែបនេះឡើយ។
គួររំឭកថា កាលពីប៉ុន្មានថ្ងៃមុន លោកយាយ Dorothy Hoffner បច្ចុប្បន្នមានអាយុ ១០៤ ឆ្នាំ បានជាប់កំណត់ត្រាពិភពលោក ក្រោយលោកយាយធ្វើការលោតចុះពីលើយន្តហោះ ក្នុងកម្ពស់ជាង ៤ ១១៤ ម៉ែត្រ៕