លោកយាយវ័យ ៧៣ ឆ្នាំ ត្រូវជាប់គុក ៤០ ថ្ងៃ ក្រោយលួចបង្កប់កាមេរ៉ាក្នុងបន្ទប់ទឹកប្រុសៗ
ករណីដ៏គួរឱ្យចាប់អារម្មណ៍មួយ កំពុងផ្ទុះការចែកចាយតាមបណ្ដាសារព័ត៌មាននានា ដោយលោកយាយវ័យ ៧៣ ឆ្នាំម្នាក់នៅតៃវ៉ាន់ បានលួចបំពានឯកជនភាពរបស់ប្រុសៗដែលទៅជួលបន្ទប់ក្នុងផ្ទះគាត់។
ហេតុការណ៍នេះដែរ បានកើតមានឡើងកាលពីខែមេសា កន្លងទៅ នៅពេលដែលលោកយាយខាងលើ ដែលជាម្ចាស់បន្ទប់ជួល បានជួលបន្ទប់ធំមួយទៅឱ្យបុរសម្នាក់ឈ្មោះ Chan រួមនឹងមិត្តភក្តិលោកមួយចំនួនទៀត។ ក្រោយ check-in ស្នាក់នៅ លោក Chan គឺមិនដែលចាប់អារម្មណ៍អ្វីចម្លែកនោះឡើយ ដោយរស់នៅធម្មតា ទើបតែក្រោយមកមិនយូរប៉ុន្មាន លោកក៏ចាប់អារម្មណ៍ឃើញច្បាស់ៗនៅកាមេរ៉ាបង្កប់ចំនួន ២ ក្នុងបន្ទប់ខ្លួន ដោយមួយដាក់នៅក្រោមទូរទស្សន៍ និង មួយទៀតបង្កប់ក្នុងបន្ទប់ទឹក។
ក្រោយចាប់បានភ្លាម លោកក៏បានទាក់ទងទៅកាន់ប៉ូលិស។ ប៉ូលិសក៏បានមកដល់ ដើម្បីធ្វើការស៊ើបអង្កេត ហើយលោកយាយជាម្ចាស់ផ្ទះជួលក៏បានចេញមុខមកសារភាពខ្លួនឯងថា រូបគាត់ជាអ្នកដាក់កាមេរ៉ានោះ ប៉ុន្តែមិនបានទម្លាយពីគោលបំណងរបស់គាត់ឡើយ។ ចុងក្រោយ លោកយាយរូបនេះ ក៏ត្រូវបានកាត់ទោសឱ្យជាប់គុក ៤០ ថ្ងៃ៕