ស្ត្រីមូស្លីមម្នាក់ ត្រូវជាប់ពន្ធ.ន-ាគារ ២ ឆ្នាំ ពេលបង្ហោះវីដេអូអង្គុយញ៉ាំស្បែកជ្រូក
តុលាការប្រទេសឥណ្ឌូនេស៊ី បានសម្រេចចិត្តកាត់ទោសស្ត្រីមូស្លីមម្នាក់ ឱ្យជាប់ពន្ធនាគារ ២ ឆ្នាំ រួមនឹងប្រាក់ពិន័យមួយចំនួនទៀត ក្រោយរូបនាងបង្ហោះវីដេអូលើ TikTok អង្គុយបួងសួង មុនធ្វើការញ៉ាំស្បែកជ្រូក។
នាង Lina Mukherjee អាយុ ៣៣ ឆ្នាំ ត្រូវបានតុលាការក្រុង Palembang ខេត្ត South Sumatra ប្រទេសឥណ្ឌូនេស៊ី កាត់ទោស កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ ពីបទចែកចាយព័ត៌មានញុះញង់ឱ្យមានការស្អប់ខ្ពើមចំពោះបុគ្គល និង ក្រុមសាសនា។
គួរឱ្យដឹងថា នាង Mukherjee បានធ្វើការបង្ហោះវីដេអូលើបណ្ដាញសង្គម TikTok កាលពីខែមីនា កន្លងទៅ ដោយថតពីសកម្មភាពរបស់នាង កំពុងនិយាយបួងសួងតាមបែបសាសនាអ៊ីស្លាម មុនធ្វើការញ៉ាំស្បែកជ្រូកបំពង។ វីដេអូនោះតែ ទាក់ទាញអ្នកចូលមើលរហូតដល់រាប់លានដង ប៉ុន្តែក្រោយមកក៏មានអ្នករាយការណ៍ទៅឱ្យអាជ្ញាធរ។
ដូចដែលដឹងស្រាប់ ក្នុងសាសនាអ៊ីស្លាម សត្វជ្រូកគឺត្រូវបានហាមប្រាមមិនឱ្យទទួលទាននោះឡើយ ស្របពេលប្រទេសឥណ្ឌូនេស៊ី ជាប្រទេសមានអ្នកកាន់សាសនានេះច្រើនទៀតផងនោះ ការញ៉ាំសាច់ជ្រូកបង្ហាញលើបណ្ដាញសង្គមរបស់ Mukherjee ដែលស្គាល់ថាជាអ្នកកាន់សាសាសនាអ៊ីស្លាម គឺជាទង្វើមិនសមប្រកបបំផុត ដែលក្រុមអ្នកអភិរក្សសាសនាក្នុងប្រទេស បង្ហាញការមិនពេញចិត្ត និង ថ្កោលទោសចំពោះរូបនាង។
គួរបញ្ជាក់ផងដែរថា នាង Mukherjee ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ២៥០ លានរ៉ូពី (១៦ ២០០ ដុល្លារ)។ យ៉ាងណាមិញ ប្រសិនបើនាងមិនមានប្រាក់បង់ពិន័យ ការជាប់ពន្ធនាគាររបស់នាង នឹងត្រូវបន្ថែមចំនួន ៣ ខែពីលើទៀត៕