
ជិះប៉ះអ្នកសុំទាន ឃើញមុខស្រដៀងៗហៅធ្វើ DNA ចុងក្រោយទើបដឹងថាជាកូនប្រុស ដែលបាត់អស់ ១២ ឆ្នាំ
រឿងដ៏មិនគួរឱ្យជឿមួយបានកើតឡើងចំពោះប្ដីប្រពន្ធមួយគូ ដែលបានបាត់កូនប្រុសអស់ ១២ ឆ្នាំ ប៉ុន្តែក៏បានជួបវិញដោយចៃដន្យ ក្រោយបានជួបហេតុការណ៍មួយ។ តាមព័ត៌មានបានចុះផ្សាយថា អព្ភូតហេតុនេះបានកើតឡើងនៅស្រុក Shunde ទីក្រុង Foshan ខេត្ត Guangdong នៃប្រទេសចិន ក្នុងពេលដែលមនុស្សជាច្រើនបានត្រឡប់ទៅស្រុកកំណើតរបស់ពួកគេដើម្បីជួបជុំគ្រួសារ ប៉ុន្តែគ្រួសារម្ចាស់ហាងកាត់សក់មួយហាក់មិនសប្បាយចិត្តទាល់តែសោះ ព្រោះពួកគេបានបាត់កូនអស់ ១២ ឆ្នាំ និង នឹករឮកកូនជាខ្លាំង ហើយនៅតាមផ្លូវពេលកំពុងបើកបរ បុរសជាប្ដីក៏បានជ្រុលចង្កូតទៅប៉ះអ្នកសុំទានម្នាក់ ធ្វើឱ្យអ្នកទាំងពីរភ័យស្លន់ស្លោជាខ្លាំង ក៏ប្រញាប់ចុះពីរថយន្តទៅពិនិត្យស្ថានភាពអ្នកសុំទាននោះ។
ជាសំណាងល្អ ក្មេងប្រុសសុំទាននោះមិនបានកើតអ្វីធ្ងន់ធ្ងរទេ គ្រាន់តែមានស្នាមរបួសបន្តិចបន្តួចតែប៉ុណ្ណោះ តែដើម្បីសុវត្ថិភាពប្រពន្ធរបស់ជាងកាត់សក់បានប្រាប់ឱ្យប្ដីយកក្មេងប្រុសនោះទៅពិនិត្យនៅមន្ទីរពេទ្យ ប៉ុន្តែអំឡុងពេលអ្នកទាំងពីរជួយលើកក្មេងប្រុសសុំទាននោះ អ្នកទាំងពីរហាក់មានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារក្មេងប្រុសនោះមានមុខមាត់ស្រដៀងទៅនឹងកូនប្រុសតូចរបស់ពួកគេ ដែលបានបាត់ខ្លួនតាំងពីអាយុ ១៣ ឆ្នាំ ហើយជាពិសេសនោះ ពួកគេបានដឹងទៀតថា ក្មេងប្រុសនោះមានអាយុ ១៥ ឆ្នាំ ទើបធ្វើឱ្យបុរសជាប្ដីសង្ស័យ។
យ៉ាងណាមិញ ពេលទៅដល់មន្ទីរពេទ្យ ប្តីបានប្រាប់ឱ្យប្រពន្ធយកក្មេងប្រុសនោះទៅពិនិត្យ និង ព្យាបាលរបួស ចំណែកឯខ្លួនលោកផ្ទាល់បានយកសក់ក្មេងប្រុសនោះ និង សក់ខ្លួនទៅធ្វើតេស្ត DNA ដោយបានបង់ប្រាក់បន្ថែមដល់ពេទ្យ ដើម្បីទទួលបានលទ្ធផលឆាប់រហ័ស ហើយក្រោយមកលោកក៏បានត្រឡប់ទៅរកប្រពន្ធលោកវិញ ហើយប្រាប់ប្រពន្ធលោកថា លោកចង់ប៉ាវអាហារមួយពេលដល់ក្មេងប្រុសនោះ ដើម្បីជាការសុំទោស និង បានពន្យារពេលរហូតដល់ខាងពេទ្យទាក់ទងមកប្រាប់ពីលទ្ធផល DNA។
ជាមួយគ្នានោះដែរ បុរសដែលជាប្ដីបានប្រាប់សារព័ត៌មានក្នុងស្រុកដែរថា នៅពេលដែលខាងមន្ទីរពេទ្យទាក់ទងទៅលោកប្រាប់ពីលទ្ធផលតេស្ត ដោយបង្ហាញឱ្យឃើញថា លោក និង ក្មេងប្រុសនោះមានទំនាក់ទំនងគ្នានឹងឈាមដល់ទៅ ៩៩.៩៩ ភាគរយ លោករំភើបណាស់រហូតមិនអាចនិយាយអ្វីបាន ហើយភ្លាមនោះលោកក៏រត់ទៅផ្ទះប្រាប់ប្រពន្ធលោកថា កូនប្រុសដែលបាត់ខ្លួនអស់ ១២ ឆ្នាំនោះ ទីបំផុតរកឃើញហើយ ដោយគេគឺជាក្មេងប្រុសសុំទានម្នាក់នោះ រួចហើយអ្នកទាំងពីរក៏បាននាំក្មេងប្រុសនោះទៅផ្ទះរបស់ខ្លួន ដើម្បីផ្លាស់ប្តូរសម្លៀកបំពាក់ថ្មី កាត់សក់យ៉ាងស្អាត និង នាំទៅជួបជុំបងប្អូន។
ម្យ៉ាងវិញទៀត យោងតាមប្រភពបានឱ្យដឹងដែរថា កូនប្រុសអ្នកទាំងពីរបានកើតក្នុងឆ្នាំ ២០០២ ដោយពេលនោះឪពុកម្តាយទើបតែបើកហាងកាត់សក់ ដែលចាំបាច់ត្រូវទុកកូនឱ្យនៅជាមួយជីដូននៅខេត្តមួយផ្សេងទៀត ប៉ុន្តែក្រោយមកពេលអាជីវកម្មកាន់តែល្អប្រសើរឡើង ពួកគេក៏សម្រេចចិត្តមើលថែកូនខ្លួនឯងរហូតដល់ថ្ងៃមួយនៅហាងមានមនុស្សច្រើន ទើបអ្នកទាំងពីរប្រាប់កូនឱ្យចេញទៅលេងជាមួយមិត្តភក្តិខាងក្រៅ និង រង់ចាំដល់ប៉ាម៉ាក់ទំនេរ នឹងនាំដើរលេង រួចក៏បាត់កូនរហូតដល់ ១២ ឆ្នាំ។
ដោយឡែក ចំពោះក្មេងប្រុសវ័យ ១៥ ឆ្នាំនោះវិញបានរៀបរាប់ថា គេមិនមានការចងចាំអ្វីពីពេលវេលា ដែលបាត់នោះទេ ព្រោះនៅក្មេងពេក គេចាំបានតែពេលរស់នៅក្នុងគ្រួសារមួយផ្សេងទៀត ហើយតែងតែគិតថា ខ្លួនជាកូនពិតប្រាកដរបស់គ្រួសារនោះ ប៉ុន្តែគេត្រូវបានលក់ពីមួយគ្រួសារទៅមួយគ្រួសារទៀត និង ត្រូវគេបង្ខំឱ្យរកប្រាក់ទាំងវ័យក្មេង មិនបានរៀនសូត្រ រហូតដល់ជួបឪពុកម្តាយពិតប្រាកដនេះឯង ហើយសមត្ថកិច្ចក៏បានតាមដាន និង ចាប់ខ្លួនពួកអ្នកជួញដូរក្មេងទាំងនោះបាន យកទៅដាក់ទោសតាមច្បាប់៕
ប្រភព ៖ Sanook