មិនស្មានទេ ស្ត្រីម្នាក់ក្អកខ្លាំងរហូតបាក់ឆ្អឹងជំនីរ ដោយសារប្រើឡេការពារកម្ដៅថ្ងៃច្រើនពេក
ស្ត្រីម្នាក់មកពីក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន បានរកឃើញថា រូបនាងបានបាក់ឆ្អឹងជំនីរ ដែលធ្វើឱ្យនាងមានការភ័យខ្លាចជាខ្លាំង ព្រោះខ្លួនមិនធ្លាប់ដួល ឬ ប៉ះទង្គិចអ្វីសោះឡើយ តែបែរជាសុខៗមកបាក់ឆ្អឹងបែបនេះ។
ស្ត្រីខាងលើត្រូវបានស្គាល់ឈ្មោះថា Lu អាយុ ៣២ ឆ្នាំ ដែលរូបនាងបានរៀបរាប់ថា នាងត្រូវបានខាងពេទ្យទាក់ទងមក ដោយប្រាប់ពីលទ្ធផលស្កេនថតសួតរបស់នាង ដែលបង្ហាញថា នាងបានបាក់ឆ្អឹងជំនីរចំនួន ២។ គ្រូពេទ្យក៏បានប្រាប់ឱ្យនាងទៅមន្ទីរពេទ្យវិញជាបន្ទាន់ ដើម្បីពិនិត្យសុខភាព រុករកមូលហេតុបណ្ដាលឱ្យបាក់ឆ្អឹងនេះ។
ក្រោយទទួលការពិនិត្យ នាង Lu ក៏នឹកចាប់អារម្មណ៍ថា នាងធ្លាប់ក្អកខ្លាំង ក្រោយមានអាការក្ដៅខ្លួន នាងក្អករហូតឈឺឆ្អឹងជំនីរខ្លាំងទៀតផង។ ដោយឡែក បើតាមសម្ដីរបស់គ្រូពេទ្យ ក្នុងករណីស្ត្រីរូបនេះ មូលហេតុដែលបណ្ដាលឱ្យនាងបាក់ឆ្អឹងជំនីរនេះ គឺមកពីរូបនាងប្រើប្រាស់ឡេការពារកម្ដៅថ្ងៃច្រើនខ្លាំងពេក ព្រោះបើតាមសម្ដីនាង Lu នាងជាមនុស្សស្រឡាញ់ខ្លួន រាល់ពេលចេញក្រៅ គឺតែងតែលាបឡេការពារកម្ដៅច្រើនៗ ហើយថែមទាំងលាបច្រើនដងទៀត។ បន្ថែមពីការលាបឡេ នាងពាក់មួកជិតៗ ពាក់អាវបិទជិតខ្លួន ព្រោះខ្លាចកម្ដៅធ្វើឱ្យខូចស្បែក។
យ៉ាងណាមិញ គ្រូពេទ្យបានព្រមានថា ការដែលលាបឡេបិទបាំងជិតខ្លួនបែបនេះ គឺធ្វើឱ្យរាងកាយយើងមិនមានវីតាមីន D គ្រប់គ្រាន់ ងាយនឹងហត់អស់កម្លាំង និង ធ្វើឱ្យឆ្អឹងប្រែទៅជាពុកផុយ។ គួរឱ្យដឹងថា ៩០% នៃវីតាមីន D ដែលរូបរាងកាយមនុស្សត្រូវការ គឺទទួលបានពេលស្បែករបស់យើងប៉ះពាល់នឹងកម្ដៅព្រះអាទិត្យ។ ជាធម្មតា ការឈរយកកម្ដៅថ្ងៃរយៈពេល ៣០ នាទីក្នុងមួយថ្ងៃ គឺអាចឱ្យរាងកាយរបស់យើងទទួលបានវីតាមីន D បានគ្រប់គ្រាន់៕