
យុវវ័យនៅចិន នាំគ្នានិយមប្រើអុកស៊ីហ្សែនជំនួយ ព្រោះជឿថាជួយឱ្យផ្ដោតអារម្មណ៍ធ្វើការបានល្អ
យុវវ័យនៅក្នុងប្រទេសចិនភាគច្រើននាពេលបច្ចុប្បន្ននេះ កំពុងនាំគ្នាមកនិយមប្រើប្រាស់អុកស៊ីហ្សែនជំនួយដង្ហើម ព្រោះជឿថា វាអាចជួយឱ្យផ្ដោតអារម្មណ៍ធ្វើការ និង ទទួលបានលទ្ធផលការងារ ឬ ការសិក្សាបានល្អជាងមុន។
កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ ប្រធានបទ «អុកស៊ីហ្សែន គឺមានប្រយោជន៍ជាងកាហ្វេ» កំពុងតែ trending ខ្លាំងលើបណ្ដាញសង្គមចិន Xiaohongshu ដែលទាក់ទាញឱ្យមានអ្នកចូលមើលរហូតដល់ជាង ៥.៦ លានដង។ ជាក់ស្ដែង បើតាមម្ចាស់គណនីម្នាក់ឈ្មោះ @Zhumali អាយុ ២៦ ឆ្នាំ បានធ្វើការបង្ហោះរូបភាពរបស់ខ្លួនកំពុងតែពាក់អុកស៊ីហ្សែនអង្គុយក្នុងអូហ្វិស។ ស្ត្រីជាបុគ្គលិកក្រុមហ៊ុនរូបនេះ បានរៀបរាប់ថា រូបនាងបានទិញឧបករណ៍ជំនួយដង្ហើមនេះ ដើម្បីឱ្យនាងអាចបំពេញការងារជាមួយក្រុមការងាររបស់នាងបានរហូតដល់ម៉ោង ១១ យប់ជារៀងរាល់ថ្ងៃ។ ជាងនេះទៅទៀត នាងក៏បានទម្លាយទៀតថា អត្ថប្រយោជន៍នៃឧបករណ៍នេះ គឺវាក៏ជួយឱ្យមេរបស់នាងមិនសូវដាក់សម្ពាធនាងផងដែរ នៅពេលដែលគាត់ឃើញបុគ្គលិកខ្លូនពាក់អុកស៊ីហ្សែនមកធ្វើការបែបនេះ។

មិនត្រឹមតែបុគ្គលិកប៉ុណ្ណោះទេ អ្នកគ្រប់គ្រងផលិតផលម្នាក់នៅខេត្ត Hunan ប្រទេសចិន ក៏បានប្រើប្រាស់ឧបករណ៍ជំនួយដង្ហើមផងដែរ អំឡុងពេលលោកសម្រាកញ៉ាំអាហារថ្ងៃត្រង់ ឬ នៅពេលកំពុងបំពេញការងារ ព្រោះដើម្បីជួយបង្កើតការផ្ដោតអារម្មណ៍ និង ជួយឱ្យបំពេញការងារបានល្អ។

យ៉ាងណាមិញ វិធីសាស្ត្រដ៏កំពុងពេញនិយមមួយនេះ ក៏មិនមែនតែមានអ្នកគាំទ្រទាំងអស់នោះដែរ។ ជាក់ស្ដែង មហាជនមួយចំនួនជឿថា ការដកអុកស៊ីហ្សែនពីម៉ាស៊ីន គឺគ្មានប្រយោជន៍អ្វីឡើយ និង ថែមទាំងអាចបង្កហានិភ័យដល់សុខភាពថែមទៀត។ បើតាមអ្នកជំនាញផ្នែកផ្លូវដង្ហើមម្នាក់ឈ្មោះ Mou Xiandong ប្រចាំមន្ទីរពេទ្យ Tsinghua Changgeng នាក្រុងប៉េកាំង បានធ្វើការព្រមានថា អ្នកដែលមានសុខភាពល្អធម្មតា អាចប្រឈមនឹងបញ្ហាខូចសួត ឬ ពុលអុកស៊ីហ្សែន ប្រសិនបើប្រើប្រាស់ឧបករណ៍ជំនួយមិនបានត្រឹមត្រូវ ហើយបើករណីធ្ងន់ធ្ងរ អ្នកប្រើប្រាស់នោះអាចឈានដល់បាត់បង់ជីវិតទៀតផង៕