មិនលេងសើចទេ! អត្រាមរណៈរបស់វីរុស Nipah ខ្ពស់ជាងជំងឺកូវីដ-១៩ រហូតដល់ ២០ ដង
អត្រាមរណៈលើអ្នកជំងឺដែលឆ្លងវីរុស Nipah គឺខ្ពស់ជាងជំងឺកូវីដ-១៩ ទៅទៀត នេះបើតាមការថ្លែងបញ្ជាក់ដោយលោក Rajeev Bahl ប្រធានគ្រប់គ្រងទូទៅនៃក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រប្រទេសឥណ្ឌា (ICMR) នាពេលថ្មីៗកន្លងទៅនេះ។ តាមការបញ្ជាក់របស់លោក បានឱ្យដឹងថា អត្រាស្លាប់ដោយសារជំងឺកូវីដ-១៩ គឺមានត្រឹម ២ ទៅ ៣ ភាគរយប៉ុណ្ណោះ ខណៈវីរុស Nipah មានអត្រាស្លាប់ខ្ពស់ខ្លាំងរហូតដល់ ៤០ ទៅ ៧០ ភាគរយ។
ការចេញសេចក្ដីថ្លែងការណ៍ដោយប្រធាន ICMR ផ្ទាល់នេះ កើតមានឡើង ក្រោយប្រទេសឥណ្ឌា នៅតែបន្តកើនឡើងករណីឆ្លងវីរុស Nipah នៅរដ្ឋ Kerala ដែលបង្ខំឱ្យរដ្ឋាភិបាល ត្រូវដាក់ចេញវិធានការតឹងរ៉ឹងបំផុត។ ខាង ICMR បានបញ្ជាក់ដែរថា ភ្នាក់ងាររបស់ខ្លួន គឺកំពុងតែរុករកគ្រប់វិធីសាស្ត្រ ដើម្បីបញ្ចៀសការរាលដាលឆ្លងនៃវីរុសដ៏កាចសាហាវមួយនេះនៅក្នុងរដ្ឋ Kerala នេះ។
ជាការបញ្ចៀសការរីករាលដាលឆ្លង ខាង ICMR បានសម្រេចចិត្តបញ្ជាទិញថ្នាំប្រឆាំងរោគចំនួន ២០ ដូសបន្ថែមពីប្រទេសអូស្ត្រាលី។ «ពួកយើង មានថ្នាំ monoclonal antibody ប៉ុន្មានដូសដែរពីអូស្ត្រាលី កាលពីឆ្នាំ ២០១៨។ បច្ចុប្បន្ន ដូសថ្នាំទាំងនោះ គឺគ្រប់គ្រាន់សម្រាប់អ្នកជំងឺ ១០ នាក់ប៉ុណ្ណោះ» នេះបើតាមការបញ្ជាក់ពីលោក Rajeev Bahl។
គួរបញ្ជាក់ផងដែរថា បើតាមអង្គការសុខភាពពិភពលោក (WHO) វីរុស Nipah គឺជាជំងឺឆ្លងពីសត្វប្រចៀវមកមនុស្ស។ ជំងឺនេះ ក៏អាចឆ្លងពីមនុស្សទៅមនុស្ស ដោយការប៉ះពាល់ផ្ទាល់នឹងអ្នកជំងឺ ឬ តាមរយៈអាហារដែលផ្ទុករោគនេះ។ ចំពោះរោគសញ្ញាវិញ គឺស្រដៀងគ្នានឹងជំងឺកូវីដ-១៩ ដូចជា ក្អក ឈឺចុកចាប់សាច់ដុំ ឈឺក្បាល វិលមុខ អស់កម្លាំង ឬ អាការធ្ងន់ធ្ងរអាចសន្លប់បាត់ស្មារតីតែម្ដង៕