អាយុរំពឹងទុកជាមធ្យមរបស់ពលរដ្ឋថៃ ថយចុះ ១.៨ ឆ្នាំ ដោយសារកត្តាបំពុលបរិយាកាស
ក្រសួងឧស្សាហកម្មប្រចាំប្រទេសថៃ បានលើកឡើងថា ការបំពុលបរិយាកាស ជាពិសេសលំអងធូលីអាក្រក់កម្រិត PM2.5 ដែលកើតចេញពីការដុតព្រៃ ធ្វើដំណាំ បានកំពុងប៉ះពាល់ដល់សុខភាពពលរដ្ឋក្នុងប្រទេសប្រមាណ ៤៤ លាននាក់ជារៀងរាល់ឆ្នាំ។
ការប្រឈមមុខនឹងផ្សែងពុលទាំងនោះក្នុងរយៈពេលយូរ នឹងបណ្ដាលឱ្យពលរដ្ឋ ជួបប្រទះបញ្ហាជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជាជំងឺសួត និង បេះដូងជាដើម។ តាមក្រសួងដដែល បានឱ្យដឹងទៀតថា កសិករជាញឹកញាប់ គឺបានធ្វើការដុតដើមធាងនៃដំណាំរបស់ខ្លួន ក្រោយប្រមូលផលរួច (ពិសេសដំណាំអំពៅ) ព្រោះគិតថាវាជួយសន្សំសំចៃប្រាក់។ យ៉ាងណាមិញ វិធីសាស្ត្រមួយនេះ គឺផ្ដល់ផលអាក្រក់ខ្លាំងទៅលើ
បរិយាកាសដែលពួកគេកំពុងរស់នៅ។
ចាប់តាំងពីឆ្នាំ ២០១៩ មក រដ្ឋាភិបាលថៃ បានលើកឡើងពីវិធានការ ដើម្បីដោះស្រាយនៅបញ្ហានៃផ្សែងពុល PM2.5 រួមមានទាំងវិធានការចាប់ខ្លួនកសិករណាដែលដុតដំណាំ ក្រោយប្រមូលផលនេះផងដែរ។ បន្ថែមពីនេះ រដ្ឋាភិបាលថៃ ក៏បានផ្ដល់ជាប្រាក់ឧបត្ថម្ភចំនួន ១២០ បាត (ប្រមាណ ៣.៤ ដុល្លារ) ក្នុងមួយតោននៃទិន្នផល សម្រាប់កសិករក្នុងការជួលមនុស្ស ឬ ទិញគ្រឿងចក្រ ឬ ឧបករណ៍ផ្សេងៗ ដើម្បីប្រើប្រាស់ក្នុងការសម្អាតមែកធាងដំណាំដែលប្រមូលផលរួចនោះ ឱ្យបានស្អាតត្រឹមត្រូវ។ បើគិតមកទល់ពេលនេះ ប្រទេសថៃ បានចំណាយប្រមាណ ៤១០ លានដុល្លារហើយ លើវិធីសាស្ត្រមួយនេះ។
បើតាមវិទ្យាស្ថានផ្នែកមហារីកក្នុងប្រទេសថៃ បានឱ្យដឹងថា ប្រមាណជាង ២៥ ឆ្នាំមកនេះ ប្រទេសថៃ គឺជួបបញ្ហាគុណភាពខ្យល់អាក្រក់ រួមនឹងធូលីពុលកម្រិត PM2.5។ តាមស្ថិតិបានបង្ហាញឱ្យឃើញថា ចំនួនអ្នកជំងឺដែលពាក់ព័ន្ធនឹងខ្យល់ពុលនេះ គឺមានការកើនឡើង។ ជាក់ស្ដែង ត្រឹមត្រីមាសទីមួយនៃឆ្នាំនេះ ប្រទេសថៃ មានអ្នកកើតជំងឺពាក់ព័ន្ធនឹងខ្យល់ពុលរហូតដល់ទៅ ១.៧ លាននាក់។ ស្ថានភាពនេះហើយ គឺអាចបណ្ដាលឱ្យអាយុរំពឹងទុកជាមធ្យមរបស់ពលរដ្ឋក្នុងប្រទេសនេះ អាចនឹងថយចុះចំនួន ១.៨ ឆ្នាំ៕