ទម្លាយមូលហេតុ គ្រោះរញ្ជួយដី និង ទឹកជំនន់ នៅម៉ារ៉ុក និង លីប៊ី ឆក់យកជីវិតមនុស្សដល់រាប់ពាន់ម៉ឺននាក់
គិតមកទល់ពេលនេះ រយៈពេលជិតមួយសប្ដាហ៍ទៅហើយ ដែលប្រទេសម៉ារ៉ុក រងនៅការវាយប្រហារដោយគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា ដែលបណ្ដាលឱ្យមនុស្សជិត ៣ ពាន់នាក់បានបាត់បង់ជីវិត។
គ្រោះរញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័រ ដែលចំណុចកណ្ដាលស្ថិតនៅតំបន់ភ្នំ Atlas នៃប្រទេសម៉ារ៉ុកនោះ បានបំផ្លិចបំផ្លាញទីក្រុងធំៗជាដំណំ រួមទាំងឆក់យកអាយុជីវិតមនុស្សអស់ដល់ទៅ ២ ៩០០ នាក់ យ៉ាងរន្ធត់បំផុត នេះបើតាមព័ត៌មានទទួលបានពីទូរទស្សន៍ជាតិប្រចាំប្រទេសម៉ារ៉ុក។ មកទល់ពេលនេះ ក្រុមសង្គ្រោះ នៅតែបន្តស្វះស្វែងរុករក ក្នុងក្ដីសង្ឃឹមថា អាចនឹងជួយសង្គ្រោះជីវិតអ្នកដែលសំណាងនៅរស់រាន ដែលកំពុងកប់នៅក្រោមគំនរអគារបាក់បែកនោះ។
យ៉ាងណាមិញ ចំណោទសួរថា មូលហេតុអ្វីបានជាគ្រោះរញ្ជួយដីក្នុងប្រទេសនេះ បណ្ដាលឱ្យមនុស្សបាត់បង់ជីវិតច្រើនខ្លាំងបែបនេះ? បើតាមអ្នកជំនាញ ដែលបានធ្វើការស្រាវជ្រាវលើករណីដ៏រន្ធត់និង សោកសង្រេងមួយនេះ បានលើកឡើងថា មូលហេតុ គឺមានច្រើនករណី។ ទី ១ គ្រោះរញ្ជួយដីនេះ គឺកើតមានឡើងនៅពេលយប់ (ប្រមាណជា ១១ យប់ ពេលវេលាក្នុងតំបន់) ដោយពេលវេលានោះ ពលរដ្ឋទាំងអស់គឺនៅក្នុងផ្ទះសម្រាក បូករួមទាំងសំណង់គ្រឹះនៃផ្ទះរបស់ពួកគេគឺមិនសូវមាំផងទៀតនោះ ទើបធ្វើឱ្យផ្ទះទាំងអស់ត្រូវរលំទាំងស្រុង សង្កត់លើមនុស្សដែលកំពុងសម្រាន្តលង់លក់ទៅនោះ។
ដោយឡែកចំពោះប្រទេសលីប៊ីវិញ មកទល់ពេលនេះ ចំនួនអ្នកស្លាប់ដោយគ្រោះទឹកជំនន់ដ៏សាហាវ បានកើនឡើងដល់ ១ ១៣០០ នាក់ហើយ ខណៈប្រមាណ ១០ ១០០ នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ នេះបើតាមការបញ្ជាក់ពីខាងកាកបាទក្រហមប្រចាំប្រទេស។ ចំពោះមូលហេតុ ដែលគ្រោះទឹកជំនន់ ដែលបង្កឡើងដោយព្យុះ Daniel នេះ ឆក់យកជីវិតមនុស្សឡើងរង្គាលបែបនេះ ក៏ដោយសារព្យុះនេះ បានវាយប្រហារទៅលើក្រុងកំពង់ផែ Derna ដែលបណ្ដាលឱ្យមានការបាក់នៅទំនប់ទឹកចំនួន ២ ធ្លាយទឹកចេញយ៉ាងគំហុក បោកបំផ្លាញទីក្រុង ហូរទាញទាំងអគារផ្ទះសម្បែង និង មនុស្ស តាមទឹកចូលទៅក្នុងសមុទ្រ៕