អស់ពីកូវីដ ឥលូវឥណ្ឌា កំពុងផ្ទុះឆ្លងមេរោគ Nipah ជាវីរុសកាចសាហាវ មានអត្រាមរណៈខ្ពស់ដល់ទៅ ៧៥%
ប្រទេសឥណ្ឌានាពេលថ្មីៗនេះ កំពុងស្វះស្វែងទប់ស្កាត់ការផ្ទុះរាលដាលឆ្លងនៃមេរោគ Nipah ដែលជាវីរុសកាចសាហាវ មានអត្រាមរណៈខ្ពស់រហូតដល់ ៧៥ ភាគរយ។ បច្ចុប្បន្ន សាលា និង ការិយាល័យនានា ត្រូវបានបិទជាបណ្ដោះអាសន្ន ខណៈមនុស្សប្រមាណជាង ៨០០ នាក់ កំពុងតែតាមដានតេស្តរកវីរុសមួយនេះ។
អាជ្ញាធរប្រចាំរដ្ឋ Kerala ក៏កំពុងព្យាយាមទប់ស្កាត់ការរីករាលដាលឆ្លងនៃវីរុសដ៏កាចសាហាវនេះ ក្រោយមានមនុស្សចំនួន ២ នាក់បានឆ្លងរហូតបាត់បង់ជីវិត។ គួរឱ្យដឹងផងដែរថា ដើម្បីជាការទប់ស្កាត់ ខាងអាជ្ញាធរបានចេញវិធានការ បិទផ្អាកដំណើរការសាលា ការិយាល័យ អគារសាសនា ក៏ដូចជាអគាររបស់រដ្ឋក្នុងភូមិចំនួន ៨ នៃរដ្ឋ Kerala។ ក្នុងនោះ មធ្យោបាយសាធារណៈនានា ក៏ត្រូវបានផ្អាក ហើយមនុស្សដែលពាក់ព័ន្ធប្រមាណជាង ៨០០ នាក់ រួមទាំងបុគ្គលិកសុខាភិបាល ១៥៣ នាក់ ត្រូវបានតេស្ត និង តាមដាន។
គិតមកទល់ពេលនេះ មនុស្សប្រមាណ ៣ នាក់ រួមទាំងក្មេងអាយុ ៩ ឆ្នាំម្នាក់ កំពុងសម្រាកព្យាបាល ក្រោយតេស្តរកឃើញវិជ្ជមានវីរុសនេះ។ វីរុស Nipah គឺជាវីរុសផ្លូវដង្ហើមដ៏កាចសាហាវមួយ ដែលរោគសញ្ញារបស់វា ជាទូទៅចាប់ផ្ដើមដោយអាការក្ដៅខ្លួន ឈឺក្បាល និង ចុករោយសាច់ដុំ។ ក្រោយមក ក៏ចាប់ផ្ដើមវិលមុខ បាត់បង់ស្មារតី ដែលជាសញ្ញានៃការរលាកខួរក្បាល។ ចំពោះករណីធ្ងន់ធ្ងរ អ្នកជំងឺអាចនឹងសន្លប់លែងដឹងខ្លួន ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោង៕