អ្នកឆែកសំបុត្រឡានក្រុងនៅថៃ ដួលខ្ពោកសន្លប់ចូលពេទ្យ ព្រោះចាញ់ក្លិនទុរេនអ្នកដំណើរ
ថ្មីៗនេះ អ្នកឆែកសំបុត្រឡានក្រុងម្នាក់នៅប្រទេសថៃ បានជួបបញ្ហាសុខភាព ពិបាកដកដង្ហើមរហូតសន្លប់បាត់ស្មារតី ខណៈពេលកំពុងបំពេញភារកិច្ច ក្រោយអ្នកដំណើរម្នាក់ បានយកទុរេនឡើងលើឡានក្រុង។
បើតាមសម្ដីរបស់អ្នកឆែកសំបុត្រឡានក្រុងផ្ទាល់ ដែលមានឈ្មោះថា Kussam Srisong បានចែករំលែកហេតុការណ៍ដែលនាងបានជួប តាមបណ្ដាញសង្គមហ្វេសប៊ុកថា រូបនាងគឺមានបញ្ហាអាឡែកហ្ស៊ីជាមួយទុរេន ដែលធ្វើឱ្យនាងថប់ទ្រូង ពិបាកដកដង្ហើម។ ពេលនោះដែរ នៅពេលអ្នកដំណើរម្នាក់ យកទុរេនឡើងឡាន នាងក៏ចាប់ផ្ដើមប្រតិកម្មភ្លាមរហូតសន្លប់។
ភ្លាមៗ ក្រុមការងារនាងបានមកជួយ ហើយឡានក្រុងក៏បានពន្យារពេល ដើម្បីនាំយកនាងទៅកាន់មន្ទីរពេទ្យ។ បច្ចុប្បន្ន នាងមានសុខភាពល្អប្រសើរ និង វិលត្រឡប់ទៅធ្វើការបានជាធម្មតាវិញហើយ៕