ក្ដៅៗ! ស្រ្តីតែងខ្លួនជាប្រុសម្នាក់ ត្រូវនារីម្នាក់ទៀតបង្ហោះវីដេអូចោទថាតាមអុកឡុកជីវិត ត្រូវបានស្នងការចាត់ការតាមច្បាប់ហើយ
នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៣ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះសារជាព័ត៌មានឱ្យដឹងថា ស្រ្តីម្នាក់តែងខ្លួនជាប្រុស ហើយត្រូវបាននារីម្នាក់បង្ហោះឃ្លីបវីដេអូចោទប្រកាន់ថាបានតាមអុកឡុករំខានជីវិតនាង ត្រូវបានមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយ។
បើតាមការបញ្ជាក់ពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បញ្ជាក់ឱ្យដឹងថា ៖ «នៅរសៀលថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ស្រ្តីតែងខ្លួនជាប្រុសមានឈ្មោះ ឡុង សុខគីម អាយុ ៣៣ ឆ្នាំ រស់នៅភូមិចំការឪឡឹក សង្កាត់កាកាប ១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី ក្រោយពីស្រ្តីតែងខ្លួនជាប្រុសម្នាក់នេះ បានចូលខ្លួនតាមការកោះហៅរបស់មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី»។
តាមប្រភពព័ត៌មានបានឱ្យដឹងទៀតថា កាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ ស្រ្តីម្នាក់ឈ្មោះ វណ្ណ ឌីលក្ខណ៍ អាយុ ៣១ ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ ១៣៨ ផ្លូវ ១៩៨៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានប្តឹងឈ្មោះ ឡុង សុខគីម ភេទស្រី អាយុ ៣៣ ឆ្នាំ រស់នៅភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ពីបទតាមអុកឡុក ហើយនៅពេលនោះមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានកោះហៅស្រ្តីរងការចោទប្រកាន់ដើម្បីសាកសួរជុំវិញបណ្តឹងនេះ ទើបភាគីទាំងពីរគឺស្រ្តីដើមបណ្តឹង និង ស្រ្តីចុងបណ្តឹង ក៏បានសម្របសម្រួលគ្នាម្តងរួចមកហើយ សម្រេចបដិសេធដកពាក្យបណ្តឹងពីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី មិនប្តឹងចោទស្រ្តីចុងបណ្តឹងនោះទៀតទេ។
គួរដឹងដែរថា នៅពេលនោះសម្រាប់ស្រ្តីចុងបណ្តឹងតែងខ្លួនជាប្រុសមានឈ្មោះ ឡុង សុខគីម សមត្ថកិច្ចក៏បានឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពតាមយាយី អុកឡុក ក្នុងជីវិតស្រ្តីដើមបណ្តឹងតទៅទៀត បើមានករណីកើតឡើងបន្តទៀត ស្រ្តីចុងបណ្ដឹង ដែលមានឈ្មោះ ឡុង សុខគីម ខាងលើនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕