ក្រុង Venice ប្រទេសអ៊ីតាលី ផ្ដើមគិតលុយអ្នកទេសចរចូលក្រុង ម្នាក់ជាង ៥ ដុល្លារក្នុងមួយថ្ងៃ
តាមសារព័ត៌មាន BBC បានឱ្យដឹងថា ទីក្រុង Venice ប្រទេសអ៊ីតាលី នឹងចាប់ផ្ដើមយកប្រាក់ពីអ្នកទេសចរម្នាក់ ៥ អឺរ៉ូ (ប្រមាណ ៥.៣៧ ដុល្លារ) ដើម្បីជាការដោះស្រាយលើបញ្ហាភ្ញៀវទេសចរសម្រុកមកលេងក្នុងក្រុង កុំឱ្យកកកុញពេក។
គួរឱ្យដឹងថា មនុស្សជាច្រើន បានចូលទស្សនាក្រុង Venice តែពេលថ្ងៃ ដែលជាហេតុធ្វើឱ្យទីក្រុង ជួបប្រទះបញ្ហាមានភ្ញៀវទេសចរកកកុញច្រើនពេក អំឡុងម៉ោងដែលមមាញឹក។ ជាមួយដំណោះស្រាយថ្មីនេះ អ្នកទេសចរដែលមានអាយុលើសពី ១៤ ឆ្នាំឡើង នឹងត្រូវគិតប្រាក់ ដោយពួកគេនឹងត្រូវឱ្យមានការកក់កន្លែងចូលទស្សនាជាមុន ទើបអាចចូលទស្សនាទីក្រុងដ៏ល្បីល្បាញនេះបាន។
ការសាកល្បងគិតប្រាក់លើអ្នកទេសចរចូលក្រុងនេះដែរ នឹងចាប់អនុវត្តឡើងនៅក្នុងឆ្នាំក្រោយ។ យ៉ាងណាមិញ ការគិតប្រាក់នេះ គឺចំពោះតែអ្នកទេសចរណាចូលលេងក្នុងមួយថ្ងៃប៉ុណ្ណោះ ដោយឡែកសម្រាប់អ្នកទេសចរដែលនៅដាច់យប់ គឺមិនត្រូវបានគិតប្រាក់នោះឡើយ៕