ត្រឡប់មកផ្ទះយើងវិញហើយ! វត្ថុបុរាណខ្មែរជាង ៣០ អង្គរូប នឹងត្រូវប្រគល់មកកម្ពុជាវិញ ក្រោយឃ្លាតឆ្ងាយរាប់សិបឆ្នាំ
នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានប្រកាសជូនដំណឹងរីករាយមួយដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា វត្ថុបុរាណខ្មែរចំនួន ៣៣ នឹងត្រូវប្រគល់មកកម្ពុជាវិញ ពីគ្រួសារ Lindemann នៅសហរដ្ឋអាមេរិក។
យោងតាមសេចក្ដីជូនដំណឹងបានឱ្យដឹងថា សមុច្ច័យវត្ថុបុរាណខ្មែរដ៏ល្អឯកមួយចំនួនទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ ដែលនេះគឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំរវាងក្រុមការងារកម្ពុជា និង រដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយតាមរយៈការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ភាគខាងត្បូងនៃក្រុងញូវយ៉ក (ហៅកាត់ថា «USAO-SDNY») និង ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ (ហៅកាត់ថា «HSI») បានឱ្យដឹងថា វត្ថុបុរាណទាំង ៣៣ នោះរួមមានដូចជា ៖ បដិមាព្រះវិស្ណុផ្ទំ និង បដិមាអឌ្ឍនារីស្វរ/អធ៌នារីស្វរ (មួយចំហៀងជា ភេទប្រុស និង មួយចំហៀងជាភេទស្រី) ដែលគេជឿជាក់ថា មានប្រភពមកពីប្រាសាទក្រចាប់ ស្ថិតក្នុងអតីតរាជធានីកោះកេរ។
យ៉ាងណាមិញ យោងតាមសាក្សីក៏បានឱ្យដឹងដែរថា រូបចម្លាក់ទាំងនេះ ត្រូវបានលួចយកចេញក្នុងទសវត្សរ៍ ១៩៩០ ជាប្រាសាទតែមួយ ដែលតម្កល់បដិមាព្រះឥសូរ និង ព្រះស្កន្ទ ព្រមទាំងបដិមាព្រះស្កន្ទគង់លើក្ងោក ហើយក្នុងចំណោមវត្ថុ ដែលប្រគល់មកវិញនោះ ក៏មានចម្លាក់ទេពមួយអង្គ ដែលគេជឿថាជា បដិមាព្រះធូស្ថឡុមន៍ (មេទ័ពនៃបណ្ឌពក្សត្រ) ដែលមានប្រភពមកពីប្រាសាទចិន ក្នុងរមណីយដ្ឋានប្រាសាទកោះកេរផងដែរ។
មិនតែប៉ុណ្ណោះ ក្នុងនោះក៏មានរូបចម្លាក់ ព្រះធត្ថទ្យុមន៍ ដែលជាបដិមាដ៏សំខាន់មួយ សម្រាប់បេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ ដោយសាររូបនេះគឺជា បដិមាមួយក្នុងចំណោមបដិមាទេពទាំង ៩ អង្គ ដែលមានប្រភពមកពីប្រាសាទចិន នៅកោះកេរ ប៉ុន្តែត្រូវបានគេលួចក្នុងអំឡុងពេលសង្គ្រាមស៊ីវិល ដោយបានដាក់លក់ដេញថ្លៃនៅឆ្នាំ ១៩៩៤ ពីខាងក្រុមហ៊ុន Chinese Porcelain Company ដែលមានទីតាំងនៅទីក្រុងញូវយ៉ក។
គួរដឹងដែរថា បដិមាសំខាន់ៗចំនួន ២ ទៀត ដែលមានប្រភពមកពីប្រាសាទក្រចាប់នៅកោះកេរ នឹងត្រូវប្រគល់ត្រឡប់មកវិញដែរគឺ បដិមាព្រះវិស្ណុផ្ទំ និង បដិមាអឌ្ឍនារីស្វរ ដែលត្រូវបានលួចចេញពីតួប៉មកណ្ដាលនៃប្រាសាទក្រចាប់ក្នុងឆ្នាំ ១៩៩៧ ហើយការបញ្ជូនត្រឡប់មកវិញនេះ ក៏បានបង្ហាញជាថ្មីម្ដងទៀតនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តស្វែងរក និង នាំយកមកវិញនូវព្រលឹងដូនតា ដែលបានចាកចេញពីមាតុភូមិកន្លងមក៕