ឆ្ងល់មួយខែៗអស់ភ្លើងច្រើន! តស់មកដឹងពីឧបករណ៍ប្រើប្រាស់ក្នុងផ្ទះទាំង ១០ ប្រភេទ ដែលស៊ីភ្លើងច្រើនជាងគេ
សារព័ត៌មាន Sanook កាលពីពេលថ្មីៗនេះ បានចុះផ្សាយឱ្យដឹងថា គ្រឿងអគ្គិសនី ដែលមនុស្សជាច្រើនកំពុងប្រើប្រាស់ជាប្រចាំថ្ងៃក្នុងផ្ទះសុទ្ធតែជាមូលហេតុ ដែលធ្វើឱ្យថ្លៃចំណាយសម្រាប់អគ្គិសនីប្រចាំខែមានកើនឡើង ព្រោះគ្រប់ឧបករណ៍អគ្គិសនីទាំងនោះ ខ្លះបានប្រើប្រាស់ថាមពលអគ្គិសនីជាច្រើន ដើម្បីដំណើរការវា។
យ៉ាងណាមិញ ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ប្រភេទនីមួយៗនៃគ្រឿងអគ្គិសនីគឺ មានកម្រិតថាមពលខុសៗគ្នា ហើយឧបករណ៍ ដែលប្រើថាមពលកាន់តែច្រើន នោះការចំណាយគឺកាន់តែខ្ពស់ ដូច្នេះប្រសិនបើ ប្រិយមិត្ត ចង់សន្សំសំចៃថាមពលអគ្គិសនី ក៏ដូចជាការចំណាយសម្រាប់អគ្គិសនី ជាដំបូងត្រូវដឹងសិនថា ឧបករណ៍ ដែលកំពុងប្រើប្រាស់ជាប្រចាំថ្ងៃក្នុងផ្ទះប្រភេទមួយណា ដែលស៊ីថាមពលអគ្គិសនីខ្លាំងជាងគេ។
ខាងក្រោមនេះគឺ ឧបករណ៍អគ្គិសនីទាំង ១០ ដែលត្រូវបានគេដឹងថាជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ ដែលប្រើប្រាស់អគ្គិសនីច្រើនជាងគេ ដើម្បីដំណើរ ៖
១. ម៉ាស៊ីនកម្តៅទឹកអគ្គិសនី វាប្រើថាមពលអគ្គិសនីចន្លោះពី ៣ ៥០០ ទៅ ៨ ០០០ វ៉ាត់
២. ឆ្នាំងអ៊ុតអគ្គិសនី (អ៊ុតស្ងួត ឬអ៊ុតចំហាយទឹក) ប្រើថាមពលមួយពេលពី ១ ០០០ ទៅ ២ ៦០០ វ៉ាត់
៣. ម៉ាស៊ីនសម្ងួតសក់ ប្រើថាមពលមួយដងពី ១ ០០០ ទៅ ២ ២០០ វ៉ាត់
៤. ម៉ាស៊ីនមីក្រូវ៉េវ (ពី ២០ ទៅ ៣២ លីត្រ) ស៊ីថាមពលអគ្គិសនីពី ១ ០០០ ទៅ ១ ៨៨០ វ៉ាត់
៥. ម៉ាស៊ីនត្រជាក់ FIXED SPEED (៩ ០០០ – ៣៦ ០០០ BTU/hr) ស៊ីថាមអគ្គិសនីពី ៧៣០ ទៅ ៣ ៣០០ វ៉ាត់
៦. ម៉ាស៊ីនត្រជាក់ប្រភេទ INVERTER (៩ ០០០ – ៣៦ ០០០ Btu/hr) ស៊ីថាមពលអគ្គិសនីពី ៤៥៥ ទៅ ៣ ៣០០ វ៉ាត់
៧. ម៉ាស៊ីនបោកគក់ (ប្រភេទឈរ ធុងផ្តេក) ប្រើអគ្គិសនីម្ដងពី ៤៥០ ទៅ ២ ៥០០ វ៉ាត់
៨. ឆ្នាំងបាយអគ្គិសនី (១ – ៣ លីត្រ) ប្រើអគ្គិសនីពី ៤៥០ ទៅ ១ ០០០ វ៉ាត់
៩. ទូរទឹកកក (៤០ ទៅ ៧៣៥ លីត្រ) ប្រើថាមពលអគ្គិសនីពី ៧០ ទៅ ១៤៥ វ៉ាត់
១០. កង្ហារអគ្គិសនី (ទំហំ ១២ អ៊ីញ ទៅ ១៨ អ៊ីញ) ប្រើថាមពលអគ្គិសនីម្ដងពី ៣៥ ទៅ ៨០ វ៉ាត់
គួរដឹងដែរថា កត្តា ដែលថ្លៃចំណាយអគ្គិសនីមានការកើនឡើងរាល់ខែ មិនមែនដោយសារតែឧបករណ៍ប្រើប្រាស់ប្រចាំតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវានៅមានកត្តាផ្សេងៗជាច្រើនទៀត ដែលនឹងប៉ះពាល់ដល់ការប្រើប្រាស់ថាមពលរបស់ឧបករណ៍អគ្គិសនីរួមមាន ៖
• រយៈពេលនៃការប្រើប្រាស់ឧបករណ៍អគ្គិសនី
• ការកំណត់ផ្សេងៗរបស់ឧបករណ៍អគ្គិសនី
• ស្ថានភាពឧបករណ៍អគ្គិសនី
គួរបញ្ជាក់ដែរថា ការសន្សំថាមពលអគ្គិសនីពីឧបករណ៍អគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃ នឹងជួយសន្សំសំចៃថ្លៃចំណាយអគ្គិសនីបានក្នុងរយៈពេលយូរ និង បានជួយកាត់បន្ថយផលប៉ះពាល់បរិស្ថានផងដែរ៕
ប្រភព ៖ Sanook