ចិនប្រកាសផាកពិន័យជាង ១ ម៉ឺនដុល្លារ ចំពោះគ្រូបង្រៀនតាមផ្ទះណាគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ
សារព័ត៌មាន Reuters នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៣ នេះបានចុះផ្សាយថា ក្រសួងអប់រំរបស់ប្រទេសចិន បានលើកឡើងថា សេវាកម្មបង្រៀនតាមផ្ទះណាដែលគ្មានអាជ្ញាប័ណ្ណក្នុងប្រទេស នឹងប្រឈមការផាកពិន័យជាប្រាក់រហូតដល់ ១០០ ០០០ យ័ន (ប្រមាណជា ១៣ ៧១៥.៥៤ ដុល្លារអាមេរិក) ដើម្បីលើកកម្ពស់វិស័យអប់រំ ក៏ដូចជាដើម្បីលុបបំបាត់ការរកចំណូលពីខាងក្រៅ ដែលមិនស្របច្បាប់។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ការប្រកាសនេះបានធ្វើឡើង ដោយក្រសួងអប់រំរបស់ប្រទេសចិន តាមរយៈទូរទស្សន៍ CCTV របស់រដ្ឋកាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ ដែលពេលនោះក្រសួងបានបញ្ជាក់ច្បាស់ៗថា នេះគឺជាវិធានការថ្មីបំផុតមួយរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើកំណែទម្រង់វិស័យអប់រំរបស់ប្រទេសចិន ឱ្យកាន់តែមានប្រសិទ្ធភាព និង ដើម្បីកាត់បន្ថយសម្ពាធ ផ្នែកសិក្សាលើសិស្ស។
គួរដឹងដែរថា កាលពីឆ្នាំ ២០២១ កន្លងទៅ ទីក្រុងប៉េកាំង ក៏បានដាក់ច្បាប់ដ៏តឹងរ៉ឹងមួយ ដើម្បីទប់ទល់នឹងការរីកដុះដាលនៃឧស្សាហកម្មបង្រៀនឯកជនតាមផ្ទះ គ្រូមួយសិស្សមួយ ព្រមទាំងមានបំណងជួយសម្រាលបន្ទុកគ្រួសារសិស្ស និង បន្ថយសម្ពាធលើកុមារ ថែមទាំងជួយជំរុញអត្រាកំណើតរបស់ប្រទេសឱ្យមានការកើនឡើង ពេលដែលគ្រួសារកាត់បន្ថយការចំណាយលើការសិក្សាកូន៕
ប្រភព ៖ Reuters