ផ្អើលទាំងយប់! អគ្គិភ័យឆាបឆេះផ្សារលើទឹកដ៏ល្បីមួយនៅថៃ មនុស្សម្នាស្លន់ស្លោរត់លោតចុះទឹកព្រាត
កាលពីរាត្រីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ មានហេតុការណ៍អគ្គិភ័យដ៏រន្ធត់មួយបានកើតមានឡើងនៅផ្សារលើទឹក Pattaya Floating Market នាស្រុក Bang Lamung ប្រទេសថៃ ដែលបានបំផ្លាញអស់មួយផ្នែកធំ ឆេះម៉ត់សល់តែគ្រោងឆ្អឹង។
ហេតុការណ៍អគ្គិភ័យនេះដែរ ត្រូវបានឱ្យដឹងថា កើតឡើងនៅវេលាម៉ោងប្រមាណ ៨ យប់ ដោយក្នុងនោះ ឡានទឹកចំនួន ២៧ គ្រឿង ជាមួយនឹងអ្នកពន្លត់ប្រមាណជាង ២០០ នាក់ ត្រូវបានបញ្ជូនទៅចុះប្រតិបត្តិការណ៍ពន្លត់ភ្លាមៗ។ គួរឱ្យដឹងថា អគ្គិភ័យនេះដែរ បានរាលដាលឆាបឆេះយ៉ាងរហ័ស ដោយសារតែភាគច្រើននៃតូបផ្សារនៅទីនោះ គឺសង់ឡើងពីឈើ និង ប្រក់ស្បូវ។
ក្រោយចំណាយពេលជាច្រើនម៉ោង អគ្គិភ័យត្រូវគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោងប្រមាណជា ១០ ព្រឹកថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២៣ នេះ។ ចំពោះមូលហេតុបណ្ដាលឱ្យមានភ្លើងឆេះនេះ នៅមិនទាន់រកឃើញនៅឡើយទេ ដោយបច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេត៕ ទស្សនាវីដេអូនៅទីនេះ