បទផ្ទុះកាលពីក្មេងៗ! នេះហើយជាម្ចាស់បទ «ស្អាតជានិច្ច» ដែលក្មេងៗនិយមច្រៀងលេងតាមសាលា
នាពេលថ្មីៗនេះ មហាជនអ្នកនិយមលេងបណ្ដាញសង្គមទាំងក្នុងហ្វេសប៊ុក និង ក្នុង TikTok ហាក់មានការចាប់អារម្មណ៍ជាខ្លាំង ចំពោះវីដេអូខ្លីមួយសម្ភាសអ្នកនិពន្ធម្នាក់ ដែលត្រូវបានគេស្គាល់ថា ម្ចាស់បទ «ស្អាតជានិច្ច»។
យោងតាមកិច្ចសម្ភាសនៅក្នុងកម្មវិធីមួយឈ្មោះថា Music Legends Show ភាគទី ១១ លោក ម៉ិញ សុធីវណ្ណ ដែលជាពិធីករបានឱ្យដឹងដែរថា លោក ងិន សុខគ្រវ៉ារ ដែលមានអាយុ ៧១ ឆ្នាំ នាពេលបច្ចុប្បន្នគឺជាតន្រ្តីករ និង ជាអ្នកនិពន្ធម្នាក់ ដែលបាននិពន្ធបទ «ស្អាតជានិច្ច» ឡើងក្នុងអំឡុងខែមិថុនា ឆ្នាំ ១៩៨២ ។
ជាមួយគ្នានេះដែរ លោក ងិន សុខគ្រវ៉ារ បានឱ្យដឹងដែរថា ចម្រៀងមួយបទនេះត្រូវបានតាក់តែងឡើង ក្នុងគោលបំណង់ចង់ឱ្យកុមារចេះធ្វើអនាម័យខ្លួនប្រាណ ក្នុងការរស់នៅប្រចាំថ្ងៃ ហើយលោកបានបញ្ជាក់ទៀតថា នៅពេលលោកបានឮក្មេងៗច្រៀងបទស្អាតជានិច្ច លោកមានអារម្មណ៍ថា រំភើបជាខ្លាំង និង មានមោទកភាពណាស់ ព្រោះនេះគឺជាស្នាដៃមួយប្រៀបដូចជា ព្រលឹងរបស់លោក។
យ៉ាងណាមិញ លោកបានឱ្យដឹងដែរថា មូលហេតុ ដែលបទនោះបានល្បីល្បាញគឺ ដោយសារលោកបានយកបទនោះទៅថតនៅវិទ្យុជាតិ ដោយឱ្យក្រុមកុមារនៃមជ្ឈមណ្ឌលកូលាបទី ១ ច្រៀង ស្របពេលដែលមានការប្រគំភ្លេងដោយក្រុមតន្ត្រីវិទ្យុជាតិ៕ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ