ឃាត់ខ្លួនមនុស្ស ២ នាក់ ក្រោយកាយជីករកផ្លូវកាត់ បំផ្លាញសំណង់ប្រវត្តិសាស្ត្រមហាកំផែងចិន
កម្មករសំណង់ចំនួន ២ រូប ត្រូវបានឃាត់ខ្លួន ក្រោយពួកគេបាននាំគ្នាកាយជីកផ្លូវដ៏ធំមួយ ដែលអាចឱ្យរថយន្តបើកបរបានក្នុងមហាកំផែងរបស់ប្រទេសចិន។
កាលពីពេលថ្មីៗកន្លងទៅនេះ ប៉ូលិសប្រចាំខេត្ត Shanxi ប្រទេសចិន បានទម្លាយថា កម្មករសំណង់ចំនួន ២ រូប បានបង្កឱ្យមានការខូចខាតធ្ងន់ធ្ងរទៅលើសំណង់ប្រវត្តិសាស្ត្រ Great Wall of China (មហាកំផែងរបស់ប្រទេសចិន)។ បុគ្គលទាំងពីររូបនោះ ម្នាក់ជាមនុស្សប្រុស អាយុ ៣៨ ឆ្នាំ និង ម្នាក់ទៀតជាស្ត្រី មានវ័យ ៥៥ ឆ្នាំ។ ពួកគេ ត្រូវបានចាប់ខ្លួន ក្រោមការសង្ស័យថាបានជីកកកាយផ្លូវកាត់ទៅកាន់សំណង់ប្រវត្តិសាស្ត្រជាតិខាងលើ ដោយកន្លែងដែលត្រូវបានបំផ្លាញ គឺជាមហាកំផែងទី ៣២។
បច្ចុប្បន្ន ជនសង្ស័យទាំង ២ រូប ត្រូវបានឃាត់ខ្លួន និង បន្តស៊ើបអង្កេត មុនធ្វើការអនុវត្តតាមច្បាប់របស់ប្រទេស។ គួររំឭកផងដែរថា មហាកំផែងប្រទេសចិន បានចាត់ចូលជាសម្បត្តិបេតិកភណ្ឌរបស់អង្គការ UNESCO តាំងពីឆ្នាំ ១៩៨៧ មកម្ល៉េះ។ សំណង់ប្រវត្តិសាស្ត្រមួយនេះដែរ គឺជាកន្លែងទេសចរណ៍ចម្បងបំផុតមួយប្រចាំប្រទេសចិន ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើនចូលមកក្នុងប្រទេស៕