ចែកគ្នាដឹង! សប្ដាហ៍ក្រោយទិវាបេតិកភណ្ឌអឺរ៉ុប អគារការិយាល័យអង្គការ UNESCO ភ្នំពេញ នឹងបើកឱ្យចូលទស្សនាដោយសេរី
អង្គការយូណេស្កូ (UNESCO) គឺជាទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ (UN) ដែលមានគោលបំណងលើកកម្ពស់សន្តិភាព និង សន្តិសុខពិភពលោក តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យអប់រំ សិល្បៈ វិទ្យាសាស្ត្រ និង វប្បធម៌ ដោយមានរដ្ឋជាសមាជិកចំនួន ១៩៤ និង សមាជិកសហការចំនួន ១២ ។ អង្គការនេះមានទីស្នាក់ការកណ្តាលនៅទីក្រុងប៉ារីស ប្រទេសបារាំង ព្រមទាំងមានការិយាល័យតំបន់ចំនួន ៥៣ និង គណៈកម្មការជាតិចំនួន ១៩៩ ។
ចំពោះប្រទេសកម្ពុជា វិញនៅឆ្នាំ ១៩៥១ ប្រទេសកម្ពុជា បានចូលរួមជាមួយអង្គការយូណេស្កូក្នុងនាមជារដ្ឋសមាជិក ហើយអង្គការយូណេស្កូបានបើកការិយាល័យរបស់ខ្លួនឡើងវិញនៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ ១៩៩១ ដោយបានលើកកម្ពស់ការអភិរក្សបេតិកភណ្ឌពិភពលោក និង បេតិកភណ្ឌវប្បធម៌អរូបី ព្រមទាំងជំរុញការអភិរក្សបរិស្ថាន និង ការអភិវឌ្ឍជីវភាពរស់នៅ។
យ៉ាងណាមិញ ថ្មីៗនេះហ្វេសប៊ុកផេកផ្លូវការរបស់អង្គការយូណេស្កូ ប្រចាំនៅកម្ពុជា បានជូនដំណឹងមួយថា នៅក្នុងឱកាសទិវាបេតិកភណ្ឌអឺរ៉ុប ដែលសហការជាមួយស្ថានទូតបារាំងប្រចាំទីក្រុងភ្នំពេញ ការិយាល័យអង្គការយូណេស្កូ នៅក្រុងភ្នំពេញ ដែលជាអគារបេតិកភណ្ឌដ៏ប្រណីតបំផុតមួយក្នុងរាជធានីភ្នំពេញ នឹងបើកទ្វារជូនសាធារណជនចូលទស្សនានៅថ្ងៃសោរ៍ ទី ១៦ ខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខ ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាច។
គួរដឹងដែរថា ការិយាល័យអង្គការ UNESCO ភ្នំពេញ មានទីតាំងនៅអគារបេតិកភណ្ឌ ក្បែរព្រះបរមរាជវាំង ដោយផ្អែកលើការស្រាវជ្រាវ អ្នកជំនាញជាច្រើនបានសន្និដ្ឋានថា អគារនេះត្រូវបានសាងសង់ឡើង ដោយឈ្មួញអ្នកមាន (ប្រហែលជាជនជាតិចិន) ចន្លោះឆ្នាំ ១៩១០ ដល់ ១៩២០ ហើយអគារនេះដែរមានទីតាំងនៅអគារលេខ ៣៨ នៃមហាវិថី សម្ដេចសុធារស សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕