ផ្ទុះការភ្ញាក់ផ្អើល! ឥណ្ឌា ប្ដូរឈ្មោះប្រទេសទៅជា Bharat ក្នុងលិខិតអញ្ជើញជប់លៀងក្រុមប្រទេស G20
ថ្មីៗនេះ មានការផ្ទុះមតិវែកញែកជាខ្លាំង ក្រោយរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី Modi បានធ្វើការផ្លាស់ប្ដូរឈ្មោះប្រទេសរបស់ខ្លួនពី ឥណ្ឌា ទៅជា Bharat ក្នុងលិខិតអញ្ជើញភ្ញៀវចូលរួមកម្មវិធីជប់លៀងទទួលទានអាហារពេលល្ងាច ក្នុងកិច្ចប្រជុំក្រុមប្រទេស G20។
ក្នុងលិខិតអញ្ជើញទទួលទានអាហារពេលល្ងាច ដែលសរសេរជាភាសាអង់គ្លេសនោះ ត្រូវបានឃើញលោកស្រី Droupadi Murmu ត្រូវបានសរសេរហៅថា «ប្រធានាធិបតីប្រទេស Bharat (President of Bharat) ជំនួសឱ្យ (President of India)»។
គួរឱ្យដឹងថា Bharat គឺជាពាក្យសំស្ក្រឹត ដែលអ្នកប្រវត្តិវិទូជាច្រើនជឿថា កកើតឡើងដំបូងនៅក្នុងអត្ថបទហិណ្ឌូសម័យដើម។ ជាក់ស្ដែង ប្រទេសឥណ្ឌា កាលពីមុនអាណានិគម ក៏ត្រូវបានគេស្គាល់ថាជា ប្រទេស Bharata និង Hindustan ប៉ុន្តែទន្ទឹមគ្នានោះ ភ្នាក់ងាររដ្ឋាភិបាល ជាញឹកញាប់គឺប្រើប្រាស់ពាក្យ «ឥណ្ឌា» នៅពេលដែលប្រើប្រាស់ទំនាក់ទំនងជាភាសាអង់គ្លេស។
ជាមួយគ្នានេះដែរ បណ្ដាមន្ត្រីប្រចាំបក្ស Bharatiya Janata របស់លោកនាយករដ្ឋមន្ត្រី Narendra Modi ក៏នាំគ្នាគាំទ្រការផ្លាស់ប្ដូរឈ្មោះនេះដែរ។ ពួកគេជឿជាក់ថា ឈ្មោះ «ឥណ្ឌា» គឺដាក់ឱ្យដោយអាណានិគមអង់គ្លេស និង ជានិមិត្តសញ្ញានៃពួកទាសករ។ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Modi បាននិយាយថា ការផ្លាស់ប្ដូរឈ្មោះនេះ គឺក្នុងបំណងចង់ឱ្យអតីតកាលនៃហិណ្ឌូរស់រានឡើងវិញ។
ទោះជាយ៉ាងណា បណ្ដាគណបក្សផ្សេងៗក្នុងប្រទេសឥណ្ឌា បានរិះគន់លើដំណើរការផ្លាស់ប្ដូរនេះ ដោយលើកឡើងថា ឈ្មោះឥណ្ឌា គឺត្រូវបានគេស្គាល់ទូទាំងពិភពលោក រដ្ឋាភិបាលមិនគួរផ្លាស់ប្ដូរឈ្មោះបែបនេះឡើយ។ គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌា នឹងជាម្ចាស់ផ្ទះ រៀបចំកម្មវិធីប្រជុំក្រុមប្រទេស G20 ប្រចាំឆ្នាំ នាក្រុង New Delhi នៅថ្ងៃទី ០៩-១០ ខែកញ្ញា ខាងមុខនេះ។ ថ្នាក់ដឹកនាំកំពូលៗជាច្រើនលើពិភពលោក រួមទាំងលោកប្រធានាធិបតីអាមេរិក Joe Biden ក៏នឹងមានវត្តមានចូលរួមផងដែរ៕