ធ្វើជាពេទ្យសង្រ្គោះជីវិតគេច្រើន តែជួយជីវិតខ្លួនឯងមិនបាន ប្រាប់អ្នកជំងឺឱ្យគេងគ្រប់គ្រាន់ តែខ្លួនឯងធ្វើការទាំងថ្ងៃទាំងយប់
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម នាពេលថ្មីៗនេះ បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និងសម្ដែងអារម្មណ៍សោកស្ដាយ ក្រោយបានជ្រាបករណីអ្នកគ្រូពេទ្យវ័យក្មេងមួយរូប ផុតជីវិតចាកចោលមនុស្សជាទីស្រឡាញ់ទាំងវ័យក្មេង គួរឱ្យរំជួលចិត្តបំផុត។
រឿងរ៉ាវដ៏សោកសង្រេងនេះផងដែរ បើតាមគណនីមួយដែលមានឈ្មោះ Seang Sam Ath បានបង្ហោះបញ្ជាក់នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៣ ថា ៖ «ធ្វើជាពេទ្យជួយសង្រ្គោះជីវិតគេបានច្រើនណាស់ តែមិនអាចជួយជីវិតខ្លួនឯងបាន ប្រាប់អ្នកជំងឺឱ្យគេងសម្រាកឱ្យបានគ្រប់គ្រាន់ តែខ្លួនឯងធ្វើការទាំងថ្ងៃទាំងយប់ រកពេលដកខ្យល់មិនបាន ប្រាប់អ្នកជំងឺកុំឱ្យពិបាកចិត្ត កុំឱ្យស្រេ្តស ប៉ុន្តែខ្លួនឯឯនៅជាមួយការងារដែលត្រូវគិតច្រើនហើយពោរពេញដោយស្រេ្តស»។
ម្ចាស់គណនីខាងលើ បានបន្តឱ្យដឹងទៀតថា ៖ «ជីវិតប្អូនស្រីនារី លំបាកហត់នឿយពេកហើយ ម្តាយឪពុកទើបទទួលមរណៈភាពប៉ុន្មានឆ្នាំមុនសោះ ខ្លួនក៍ធ្លាក់ខ្លួនឈឺដោយគ្មានវត្តមានលោកអ្នកមានគុណនៅក្បែរទៀត។ សូមដួងព្រលឹងវិញ្ញាណក្ខ័ន្ធប្អូនស្រីបានទៅជួបជុំលោកអ្នកមានគុណ ហើយបានទៅកាន់សុខគតិភពទាំងអស់គ្នាផងចុះ»៕