វត្ថុបុរាណជាច្រើន ស្រង់ចេញពីសំពៅបុរាណក្រោមបាតសមុទ្រ បានប្រគល់ជូនមន្ទីរវប្បធម៌ខេត្តព្រះសីហនុ
កាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានស្រង់វត្ថុបុរាណជាច្រើនមុខពីបាតសមុទ្រ ចេញពីសំពៅមួយ ដែលបានលិចរាប់សិបឆ្នាំមកហើយ និង បានប្រគល់ជូនមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ រក្សាទុកជាសម្បតិ្តបេតិកភណ្ឌជាតិ។
យោងតាម ការបង្ហោះព័ត៌មានជាច្រើនតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក បានឱ្យដឹងថា វត្ថុបុរាណជាច្រើនមុខ ដែលកម្លាំងទីបញ្ជាការជួរមុខគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ រកឃើញក្នុងសំពៅបុរាណ លិចក្នុងបាតសមុទ្រ ម្ដុំចន្លោះកោះតាគាវ និង កោះឬស្សី ក្នុងខេត្តព្រះសីហនុ។
គួរបញ្ជាក់ដែរថា ទីតាំង ដែលសំពៅលិចនោះ គឺជាច្រកសមុទ្រ ដែលមានទូកនេសាទក៏ដូចកប៉ាល់តូចធំបើកឆ្លងកាត់យ៉ាងមម៉ាញឹកផងដែរ ហើយខាងមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តព្រះសីហនុ ក៏បានឱ្យដឹងដែរថា វត្ថុបុរាណទាំងនោះនឹងត្រូវរក្សាទុក ដើម្បីឱ្យយុវជនជំនាន់ក្រោយបានយល់ដឹងពីវប្បធម៌ និង ស្នាដៃដូនតា៕