ហុងកុង និង ក្វាងទុង បង្ខំបិទជើងហោះហើរ និង អាជីវកម្មជាច្រើន ដោយសារព្យុះទីហ្វុង សាវឡា
សារព័ត៌មាន Reuters នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣ បានចុះផ្សាយថា ឥទ្ធិពលនៃព្យុះទីហ្វុង សាវឡា បានធ្វើឱ្យជើងហោះហើររាប់រយត្រូវបានលុបចោល ហើយបង្ខំឱ្យអាជីវកម្ម និង សាលារៀនមួយចំនួនសម្រេចបិទទ្វារជាបណ្ដោះអាសន្ន នៅខេត្តក្វាងទុង និង ទីក្រុងហុងកុង ដែលជាតំបន់មានប្រជាជនច្រើនកកកុញ។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា អាជ្ញាធរចិន បានព្រមានកាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅថា ព្យុះទីហ្វុងសាវឡា ស្ថិតក្នុងចំណោមព្យុះទីហ្វុងដ៏ខ្លាំងបំផុតចំនួន ៥ ដែលបានវាយប្រហារខេត្តក្វាងទុងចាប់តាំងពីឆ្នាំ ១៩៤៩ ហើយមជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិន បាននិយាយថា ព្យុះទីហ្វុង សាវឡា អាចបោកបក់នៅតាមបណ្ដោយឆ្នេរសមុទ្រចន្លោះទីក្រុង Huidong ទីក្រុង Taishan ព្រមទាំងនៅហុងកុង និង ម៉ាកាវ នៅយប់ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣ ឬនៅព្រឹកថ្ងៃទី ២ ខែកញ្ញានេះ ដោយក្រុមសង្កេតការណ៍ហុងកុង បាននិយាយថា លក្ខខណ្ឌអាកាសធាតុនឹងកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស នៅពេលដែលព្យុះទីហ្វុងបានបោកបក់មកដល់ ដោយវាអាចនឹងឈានដល់កម្ពស់ ៣ ម៉ែត្រខ្ពស់ជាងធម្មតា។
ជាមួយគ្នានេះដែរ សារព័ត៌មានបានឱ្យដឹងទៀតថា នៅព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣ សាលារៀនទាំងអស់នៅក្នុងទីក្រុងហុងកុង ត្រូវបានបិទ ខណៈដែលមនុស្សជាច្រើនបានសម្រុកនាំគ្នាទៅតម្រង់ជួរយ៉ាងយូរនៅផ្សារទំនើប ដើម្បីទិញអាហារស្តុកទុក មុនពេលព្យុះមកដល់ ហើយក្រុមហ៊ុនអាកាសចរណ៍ ព្រមទាំងរថភ្លើងទាំងអស់នៅហុងកុង និង ក្វាងទុក ក៏ត្រូវបានផ្អាកជាបណ្ដោះអាសន្ននៅថ្ងៃទី ១ និង ទី ២ ខែកញ្ញា នេះដែរ។
ដោយឡែក រោងចក្រថាមពលនុយក្លេអ៊ែរ Taishan ក្នុងខេត្ត Guangdong ក៏បានអះអាងដែរថា ខ្លួនបានបញ្ឈប់ប្រតិបត្តិការនៅខាងក្រៅ និង ផ្នែកផ្ទេរសម្ភារទាំងអស់ចេញពីរោងចក្រ ហើយក្រុមអង្កេតអាកាសធាតុម៉ាកាវ បាននិយាយទៀតថា ខ្លួននឹងបង្កើនកម្រិតព្រមានពីខ្យល់ដល់សញ្ញា ៨ នៅម៉ោង ២ រសៀល ហើយនៅថ្ងៃទី ២ ខែកញ្ញា វានឹងបង្កើនដល់សញ្ញាខ្ពស់បំផុតលេខ ១០ ៕
ប្រភព ៖ Reuters