ជាប់ក្នុងបន្ទប់ទឹកអស់ ៦ ម៉ោង តែឆ្លាតចេះប្រើប្រដាប់កោរចិញ្ចើម ដោះទាល់រួចខ្លួនវិញ
រឿងរ៉ាវរបស់នារីម្នាក់ ដែលបានជាប់នៅក្នុងបន្ទប់ទឹករហូតដល់ ៦ ម៉ោង តែជាសំណាងល្អ នាងអាចរួចខ្លួនចេញមកវិញបាន ដោយសារតែប្រដាប់កោរចិញ្ចើម បាន និង កំពុងតែធ្វើឱ្យមហាជនភ្ញាក់ផ្អើល និង សរសើរជាខ្លាំង។
តាមព័ត៌មានបានឱ្យដឹងថា នារីខាងលើជាជនជាតិចិន នាងបានផ្លាស់ទៅបន្តការសិក្សា នាក្រុងមែលប៊ន ប្រទេសអូស្រ្តាលី។ ខណៈចូលទៅនៅក្នុងបន្ទប់ស្នាក់នៅថ្ងៃដំបូង ក្រោយពីងូតទឹកហើយ នាងក៏បានជាប់នៅក្នុងនោះតែម្តង ដោយមិនដឹងពីមូលហេតុ។
នាងពិតជាភិតភ័យខ្លាំងណាស់ នាងខំប្រឹងបើក ខំប្រឹងទាត់ធាក់ ឬទាញទ្វារយ៉ាងណាក៏មិនចេញដែរ ខំស្រែកឱ្យគេជួយទៀត សឹងគ្រប់មធ្យោបាយ តែគ្មានអ្នកបានឮឡើយ។ យ៉ាងណាមិញ ក្រោយមក នាងក៏ចាប់ផ្តើមតាំងសតិ រួចពិនិត្យទៅលើទ្វារទើបដឹងថា វាជាទ្វារក្រដាសក្រាស់ រួចនាងក៏យកប្រដាប់កោរចិញ្ចើមយកទៅចោះធ្វើជារន្ធតូច ហើយក៏ចាក់ទឹកទៅលើវា ធ្វើឱ្យវារលាយទៅជាប្រហោងធំ ទើបនាងចេញមកក្រៅបានសម្រេច។
នាងបានឱ្យដឹងថា បន្ទាប់ពីចេញពីបន្ទប់ទឹកនោះបានហើយ នាងក៏ស្រឡាញ់ជីវិតខ្លួនឯងជាងមុន ព្រមទាំងប្រាប់ពួកម៉ាកគ្រួសារពីសកម្មភាពដែលនាងធ្វើប្រចាំថ្ងៃផងដែរ។ យ៉ាងណាមិញ មហាជនពិតជាសរសើរនូវភាពវៃឆ្លាតរបស់នាងណាស់ ហើយម្នាក់ៗក៏បានដាស់តឿនឱ្យបង្កើនការប្រុងប្រយ័ត្ន ជាមួយនឹងសុវត្ថិភាពក្នុងបន្ទប់ទឹកផងដែរ៕