ភ្ជុំទៅលេងស្រុក មានរថយន្តក្រុងច្រើនគ្រឿង ត្រៀមសម្រាប់ដឹកកម្មករ និយោជិតទៅស្រុកឥតគិតថ្លៃ
នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រសហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ឯកឧត្ដម ហ៊ុន ម៉ាណែត បានណែនាំឱ្យអភិបាលរាជធានីភ្នំពេញ ត្រៀមបញ្ចេញរថយន្តក្រុងដឹកកម្មករ កម្មការិនី ទៅស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ។
ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និយោជិត តាមរោងចក្រសហគ្រា នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ឯកឧត្ដម បានណែនាំឱ្យឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឱ្យត្រៀមរថយន្តក្រុង ដើម្បីដឹកបងប្អូនកម្មករ កម្មការិនី ក៏ដូចជា ប្រជាពលរដ្ឋទាំងអស់ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ ដែលនឹងមកដល់នាពេលខាងមុខ។
គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាល បានបញ្ជាឱ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំចាត់ចែងបញ្ចេញរថយន្តក្រុងដឹកពលរដ្ឋទៅស្រុកកំណើតរៀងរាល់ឆ្នាំ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បុណ្យភ្ជុំបិណ្ឌ និង សូម្បីតែពេលបោះឆ្នោតជាដើម ដើម្បីជួយសម្រួលដល់មធ្យោបាយធ្វើដំណើរ និង ថ្លៃចំណាយរបស់ប្រជាពលរដ្ឋទាំងអស់៕