ស្អែក ខានស្អែក អត់ដឹងទៅណា អាចណាត់មិត្ត ជិះរថភ្លើងលេងបាន ចំណាយតែ ២០០០ រៀលប៉ុណ្ណោះ
នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ស្ថានីយរថភ្លើងកម្ពុជា (Royal Railway Cambodia) បានជូនដំណឹងឱ្យដឹងថា ស្ថានីយនឹងមានកម្មវិធីពិសេស ដើម្បីអាចឱ្យភ្ញៀវទេសចរ ទទួលបានបទពិសោធថ្មី ពីការជិះរថភ្លើងលេងកម្សាន្ត ដោយចំណាយត្រឹមតែ ២០០០រៀលប៉ុណ្ណោះក្នុងមួយនាក់។
យោងតាមសារបង្ហោះក្នុងហ្វេសប៊ុកផេកផ្លូវការរបស់ Royal Railway Cambodia បានឱ្យដឹងថា ដើម្បីទទួលបានបទពិសោធថ្មីពីការជិះរថភ្លើងលេងកម្សាន្តពេលចុងសប្ដាហ៍ ថ្ងៃសៅរ៍-អាទិត្យ ដោយចំណាយប្រាក់ត្រឹមតែ ២០០០ រៀល ភ្ញៀវទេសចរ ត្រូវតែជាវភេសជ្ជៈពីហាងការហ្វេរថភ្លើង។
ដោយឡែក សម្រាប់ភ្ញៀវធម្មតា សំបុត្រសម្រាប់កម្មវិធីចុងសប្ដាហ៍នេះ មានតម្លៃ ៥០០០រៀល ក្នុងមួយនាក់ សម្រាប់មនុស្សធំ និង ២០០០ រៀល ក្នុងមួយនាក់សម្រាប់កូនក្មេង។ គួរដឹងដែរថា សម្រាប់ការជិះរថភ្លើងទៅវិញទៅមកនេះ គឺចេញដំណើរពីស្ថានីយរថភ្លើងភ្នំពេញ ទៅចំណតរថភ្លើងសំរោង (ពោធិ៍ចិនតុង) និង វិលត្រឡប់មកចំណតភ្នំពេញវិញ ហើយសម្រាប់ម៉ោងចេញដំណើរគឺ នៅម៉ោង ១០ ព្រឹក និង ម៉ោង ២ រសៀល៕