មានឧបសគ្គយ៉ាងណាក៏ប្រឹងពុះពារ! ក្មេងស្រីជិះស្នោមួយដុំ លើផ្ទៃទឹកធំល្វឹងល្វើយដើម្បីបានទៅរៀន
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម នាពេលថ្មីៗនេះ បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និងសម្ដែងក្ដីភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានទស្សនាវីដេអូក្មេងស្រីមួយរូបពាក់ឯកសណ្ឋានសិស្សសាលា ស្ពាយកាតាបជិះស្នោទៅរៀន គួរឱ្យអាណិតអាសូរបំផុត។
វីដេអូដែលកំពុងទទួលបានការចាប់អារម្មណ៍នោះ ត្រូវបានបង្ហោះដោយគណនី Tiktok មួយដែលមានឈ្មោះ កែវ និស្ស័យ បានបង្ហោះវីដេអូនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣ បង្ហាញពីសកម្មភាពក្មេងស្រីកម្សត់មួយរូប ឡើងលើស្នោមួយដុំជាមួយច្រវ៉ាមួយ ក្នុងឯកសណ្ឋានសិស្សសាលា ចែវឆ្វេងចែវស្ដាំ ដើម្បីបានទៅសាលារៀនដូចគេដូចឯង បង្ហាញពីការតស៊ូពុះពារដ៏ក្លាហាន ដើម្បីបានទទួលយកនូវចំណេះដឹងនៅសាលារៀន។
ទោះបីជាបែបនេះក្ដី ក្រោយមើលឃើញបែបនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីព្រួយបារម្ភ ដោយសារសកម្មភាពនេះហាក់មានហានិភ័យសម្រាប់ក្មេងស្រី ទើបមានសប្បុរសជនមួយចំនួនបាននាំគ្នាសួរនាំអំពីទីតាំងរបស់ក្មេងស្រី ដើម្បីជួយឧបត្ថម្ភនូវសម្ភារៈ និងថវិកាមួយចំនួន ដើម្បីកុំឱ្យក្មេងស្រីប្រថុយប្រថានជីវិតទាំងបែបនេះទៀត៕