ជិះម៉ូតូប៉ះឡានឆ្កូតថ្នាំបន្តិច យុវជនម្នាក់ត្រូវស្រ្តីម្ចាស់ឡានចុះទះ ៥ កំផ្លៀង រួចទារ ៥០០ ដុល្លារ និង យកច្រវាក់ចាក់ម៉ូតូទៀត
នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៣ នេះ មហាជនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាអ្នកនៅក្នុងហេតុការណ៍ផ្ទាល់ ហាក់សម្ដែងការហួសចិត្តជាខ្លាំងចំពោះរឿងរ៉ាវបុរសម្នាក់បានជិះម៉ូតូទៅប៉ះឡានមួយបណ្តាលឱ្យឆ្កូតថ្នាំបន្តិច តែបែរជាត្រូវម្ចាស់រថយន្តជាស្ត្រីម្នាកទះ ៥ កំផ្លៀង និង ទារថ្លៃសំណង ៥០០ ដុល្លារបន្ថែមទៀត។
យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Rangsey Roth បានបង្ហោះឱ្យដឹងពីករណីហួសចិត្តមួយនេះថា ៖ «គ្រាន់តែជិះម៉ូតូប៉ះរថយន្តឆ្កូតថ្នាំបន្តិចសោះ បុរសម្នាក់ត្រូវស្ត្រីជាម្ចាស់រថយន្តទះ ៥ កំផ្លៀង រួចទារថ្លៃសំណង ៥០០ ដុល្លារ ព្រមទាំងយកម៉ូតូទៅដាក់ច្រវ៉ាក់ទុក ហើយដកសោរម៉ូតូចេញ រួចក៏ដើរចូលពេទ្យបាត់»។
យ៉ាងណាមិញ ម្ចាស់គណនីនេះបានឱ្យដឹងទៀតថា ៖ «ត្រឹម ៥០០ ដុល្លារម្ចាស់ម៉ូតូមានសមត្ថភាពសង តែហេតុអ្វីទើបម្ចាស់ឡានទះ ៥ កំផ្លៀងរួចជេរប្រមាថ ហើយក៏យកសោរច្រវ៉ាក់ទៅចាក់ម៉ូតូ ព្រមទាំងដកសោរម៉ូតូចេញ និង មិនដោះស្រាយជាមួយគាត់អ៊ីចឹង?»។ ក្នុងសំណេរដដែលនេះបានបញ្ជាក់ទៀតថា ម្តាយរបស់បុរសជាម្ចាស់ម៉ូតូបានយល់ព្រមសង ៥០០ ដុល្លារ តែសុំដាក់ពាក្យបណ្តឹងទារ ៣០០០ ដុល្លារវិញ ក្រោយម្ចាស់រថយន្តបានទះកូនគាត់ ៥ កំភ្លៀង។
គួរដឹងដែរថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ ព្រឹក និង បានបង្កការភ្ញាក់ផ្អើលដល់ម៉ោង ១១:៤០ នាទីព្រឹក នៅថ្ងៃ ៣០ ខែសីហា ឆ្នាំ ២០២៣ នេះ ខាងមុខមន្ទីរពហុព្យាបាល និង សម្ភពឥន្ទ្រទេវី ១ ស្ថិតក្នុងសង្កាត់ទួលសង្កែ ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ហើយក្រោយកើតហេតុសមត្ថកិច្ចមកដល់ក៏ភាគីខាងរថយន្ត នៅតែមិនព្រមចុះមកដោះស្រាយជាមួយម្ចាស់ម៉ូតូដែរ៕
ប្រភព និង រូបភាព ៖ Rangsey Roth