មហាជនផ្ទុះការរិះគន់ ក្រោយឃើញបុរសម្នាក់លើកដៃវាយស្រី គ្រាន់តែជិះម៉ូតូសាចទឹកដាក់ដោយអចេតនា
កាលពីល្ងាចថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ មហាជនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក ហាក់បង្ហាញការមិនពេញចិត្តជាខ្លាំង ក្រោយពីបានឃើញវីដេអូបង្ហោះមួយ បង្ហាញឱ្យឃើញពីបុរសម្នាក់វាយទៅលើស្ត្រីម្នាក់ ក្រោមហេតុផលថាជិះម៉ូតូសាចទឹកដាក់ខ្លួន។
យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Eli Mean ជាម្ចាស់វីដេអូបង្ហោះ ដែលកំពុងទទួលបានការចាប់អារម្មណ៍ក្នុងបណ្ដាញសង្គមហ្វេសប៊ុក បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ មានករណីឈ្លោះប្រកែកគ្នាមួយបានកើតឡើងនៅតាមដងផ្លូវ ដោយម្ចាស់គណនីបានបង្ហោះវីដេអូ ដោយភ្ជាប់ជាមួយនឹងសំណេរថា ៖ «ផ្លូវលិចទឹក ហើយជិះសាចទឹកដាក់តិចសោះ បងស្រី និង បងប្រុស ក៏បានសុំទោស ហើយនិយាយស្រួលជាមួយដែរ តែពូហ្នឹងដឹងម៉េចទេ និយាយមិនចេះស្ដាប់ ហើយចង់តែលើកដៃវាយ និង ប្រើពាក្យសម្ដីជេរបងស្រី»។
មិនតែប៉ុណ្ណោះ ម្ចាស់គណនីខាងលើបានបញ្ជាក់ទៀតថា ៖ «ខ្ញុំក៏បានជិះផ្លូវជាមួយពួកគាត់ដែរ តែផ្លូវលិចទឹកខ្លាំង ហើយម៉ូតូច្រើន ក៏បានសាចទឹកដាក់ គ្រាន់តែរឿងប៉ុណ្ណឹងសោះ ហេតុអីមិនចេះអធ្យាស្រ័យឱ្យគ្នា»។ ចំណែកឯមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកវិញ ក្រោយបានមើលវីដេអូ បានឃើញ និង បានឮពាក្យសម្ដី ព្រមជាមួយកាយវិការមិនសមរម្យរបស់បុរសម្នាក់ក្នុងវីដេអូហើយ ក៏បានបញ្ចេញមតិ និង ចែករំលែកវីដេអូនោះបន្តបង្ហាញការមិនពេញចិត្តជាខ្លាំង ចំពោះអាកប្បកិរិយាទាំងនោះ៕