អុញនោះ! រដ្ឋាភិបាលអាមេរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន SpaceX របស់ Elon Musk ជុំវិញបញ្ហាក្តៅគគុកមួយ
ថ្មីៗនេះ ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk កំពុងតែត្រូវរដ្ឋាភិបាលអាមេរិកដាក់ពាក្យបណ្តឹងប្តឹង ដោយចោទប្រកាន់ថាក្រុមហ៊ុននេះមានការរើសអើងជាតិសាសន៍ មិនទទួលជនក្រៅសញ្ជាតិមកធ្វើការ។
ក្នុងនោះ ក្នុងពាក្យបណ្តឹងដែលបានប្តឹងដោយក្រសួងយុត្តិធម៌បានឱ្យដឹងថា គេបានធ្វើការស៊ើបអង្កេតទៅលើក្រុមហ៊ុន SpaceX តាំងពី ២ ឆ្នាំមុនមកម៉្លេះ ព្រោះតែមានការតវ៉ាជាច្រើនថា ក្រុមហ៊ុននេះមានការរើសអើងទៅលើពលរដ្ឋដែលមិនកាន់សញ្ជាតិអាមេរិក។
ការស៊ើបអង្កេតបានបង្ហាញថា SpaceX មិនបានគិតគូរទទួលជនអន្តោប្រវេសន៍មកធ្វើការនោះទេ ថែមទាំងមានចាត់វិធានការហាមឃាត់មិនទទួលពួកគេទៀតផង។ យ៉ាងណាមិញ មុននេះ Elon Musk ក៏ត្រូវបានអតីតបុគ្គលិកជាច្រើនដាក់ពាក្យបណ្តឹងរួចទៅហើយ ដោយចោទប្រកាន់ថាលោករើសអើងពណ៌សម្បុរ ភេទ និង អាយុ។ ក្នុងចំណោមបណ្តឹងនោះ បានឱ្យដឹងទៀតថា មនុស្សស្រីត្រូវគេដេញចេញពីក្រុមហ៊ុន ច្រើនជាងមនុស្សប្រុស Elon Musk តែងមិនឱ្យតម្លៃ និង និយាយមិនល្អពីមនុស្សស្រីជានិច្ច៕