ព្រលឹងចុងសក់! គ្រូ-សិស្សជាប់គាំងលើកន្ត្រកយោងកម្ពស់ ២៧៤ ម៉ែត្រ ទម្រាំសង្គ្រោះបានម្នាក់ៗស្លេកមុខស្លេកមាត់
កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ មានហេតុការណ៍ដ៏គួរឱ្យតក់ស្លុតមួយ ដែលបានកើតមានឡើងលើគ្រូ និង សិស្សចំនួន ៨ នាក់ (សិស្ស ៧ នាក់ គ្រូម្នាក់) ដែលពួកគេបានជាប់គាំងក្នុងកន្ត្រកយោងកណ្ដាលជ្រោះជ្រលងភ្នំ កម្ពស់ ២៧៤ ម៉ែត្រ។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍ដ៏កម្រកើតមានមួយនេះដែរ កើតមានឡើងនៅវេលាម៉ោង ៧ ព្រឹក (ពេលវេលាក្នុងតំបន់) ដោយគ្រូ និង សិស្សទាំង ៨ នាក់ បានប្រើប្រាស់កន្ត្រកយោង ដើម្បីទៅសាលារៀន Battangi Pashto ដែលសាលានេះមានទីតាំងស្ថិតនៅលើភ្នំដាច់ស្រយាល Battagram នៃប្រទេសប៉ាគីស្ថាន។
ក្រោយទទួលបានការរាយការណ៍ពីករណីកន្ត្រកជាប់គាំងនេះភ្លាម ខាងអាជ្ញាធរក្នុងតំបន់ក៏បានបញ្ជូនក្រុមសង្គ្រោះទៅភ្លែត ដោយគម្រោងប្រើប្រាស់ឧទ្ធម្ភាគចក្រដើម្បីសង្គ្រោះ ប៉ុន្តែជួយបានតែកូនសិស្សម្នាក់ប៉ុណ្ណោះ ព្រោះបារម្ភពីសុវត្ថិភាពគ្រូ និង សិស្សដទៃ។ ក្រោយមកទៀត ក្រុមសង្គ្រោះ ក៏បានជ្រើសរើសការជួយអ្នកដែលនៅសល់ ដោយប្រើប្រាស់ខ្សែកាបយោង ប៉ុន្តែការសង្គ្រោះនេះ គឺជួបប្រទះបញ្ហាលំបាកមួយចំនួនដោយសារកត្តាអាកាសធាតុ ដោយពួកគេត្រូវចំណាយពេលរហូតដល់ ១៦ ម៉ោង ទម្រាំសង្គ្រោះជនរងគ្រោះទាំងអស់បានដោយជោគជ័យ៕