ចិនហាមឃាត់ការនាំចូលគ្រឿងសមុទ្រពីជប៉ុន ក្រោយទីក្រុងតូក្យូប្រកាសបើកបង្ហូរទឹកសំណល់វិទ្យុសកម្ម
សារព័ត៌មាន CNN នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅនេះ បានចុះផ្សាយថា ប្រទេសចិនបានប្រកាសហាមឃាត់ការនាំចូលគ្រឿងសមុទ្រទាំងអស់ពីប្រទេសជប៉ុន ដើម្បីជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ទីក្រុងតូក្យូ ដែលបានប្រកាសចាប់ផ្តើមបញ្ចេញទឹកសំណល់វិទ្យុសកម្មពីរោងចក្រនុយក្លេអ៊ែរ Fukushima ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នាយកដ្ឋានគយរបស់ប្រទេសចិន បានប្រកាសនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅនេះថា ខ្លួននឹងបញ្ឈប់ការនាំចូលផលិតផលជលផលទាំងអស់ ដែលមានប្រភពមកពីប្រទេសជប៉ុន ដែលនេះមានន័យថា ចិននឹងដាក់ការហាមឃាត់សម្រាប់ផលិតផលសមុទ្រទាំងអស់ មិនមែនតែអាហារសមុទ្រទេ សូម្បីតែអំបិលសមុទ្រ និង សារ៉ាយសមុទ្រផងដែរ។
ជាមួយគ្នានេះដែរ នាយកដ្ឋានគយចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយឱ្យដឹងទៀតថា វិធានការនេះមានគោលបំណងការពារហានិភ័យនៃការបំពុល ដោយវិទ្យុសកម្មនៃសុវត្ថិភាពចំណីអាហារ ដែលបណ្តាលមកពីការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរ Fukushima របស់ប្រទេសជប៉ុន និង ដើម្បីការពារសុខភាពអ្នកប្រើប្រាស់។
គួរដឹងដែរថា ជប៉ុនគ្រោងនឹងបើកបង្ហូរទឹកសំណល់វិទ្យុសកម្មពីរោងចក្រនុយក្លេអ៊ែរ Fukushima នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៣ ម៉ោង ១ រសៀល ក្នុងបរិមាណប្រមាណ ៤៥៦ ម៉ែត្រគូប ក្នុងរយៈពេល ២៤ ម៉ោង និង សរុបចំនួន ៧៨០០ ម៉ែត្រគូប ក្នុងរយៈពេល ១៧ ថ្ងៃ៕ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ
ប្រភព ៖ CNN