ចង់ឱ្យកូនរៀបការឆាប់ៗ លេងឪពុកខាងប្រុសរៀបចំកក់គេសព្វគ្រប់ ចាំតែដល់ថ្ងៃហៅមកធ្វើកូនកំលោះកូនក្រមុំ
ថ្មីៗនេះ នារីម្នាក់បានចេញមុខទម្លាយរឿងរ៉ាវដ៏ហួសចិត្តមួយ ដែលត្រូវឪពុកម្តាយបង្ខំឱ្យរៀបការជាមួយសង្សារ ដល់ថ្នាក់កក់សណ្ឋាគារ ហៅភ្ញៀវឱ្យមួយកំផ្លេ ចេញលុយគ្រប់យ៉ាងឱ្យទៀត ទាំងដែលសាមីខ្លួនមិនដឹងទាល់តែសោះ។
រឿងរ៉ាវមួយនេះ កើតឡើងនៅប្រទេសចិន ដោយនាងបានរៀបរាប់ឱ្យដឹងថា នៅសុខៗ ថ្ងៃមួយស្រាប់តែឪពុករបស់សង្សារនាង បានឆាតមកប្រាប់ថាឱ្យត្រៀមខ្លួនចូលរោងការ ព្រោះគ្រួសារបាននិយាយគ្នា និង កំណត់ថ្ងៃរួចហើយ ទាំងដែលនាង និង សង្សារមិនដឹងអ្វីទាល់តែសោះ។ លើសពីនេះទៅទៀត ឪពុករូបនេះ បានប្រាប់ទៀតថា លោកបានចេញលុយកក់សណ្ឋាគាររួចរាល់ហើយ ឯពិធីករ ឡានកូនក្រមុំកូនកំលោះ ម្ហូបម្ហាគ្រឿងភេសជ្ជៈ ក៏បានត្រៀមរួចអស់ដែរ ចំណែកភ្ញៀវក៏បោះសំបុត្រអញ្ជើញហើយមួយកំផ្លេតែម្តង។
អ្វីដែលអស់សំណើច ឪពុករូបនេះ ឆ្លៀតគំរាមទៀតថា បើអ្នកទាំងពីរមិនមកបង្ហាញខ្លួនក្នុងថ្ងៃរៀបការទេ ខ្លួននឹងយករូបក្រដាសតំណាងមករៀបការជំនួសវិញ ពោលគឺមង្គលការត្រូវតែដំណើរការទៅមុខជាដាច់ខាត។ យ៉ាងណាមិញ នាង និង សង្សារពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ តែបានត្រឹមតែមើលមុខគ្នាដោយការហួសចិត្ត៕