ទៀតហើយ! បាក់ស្ពានកំពុងសាងសង់នៅឥណ្ឌា ស្លា-.ប់មនុស្ស ២៦ នាក់ ច្រើននាក់ទៀតកំពុងបាត់ខ្លួន
ស្ពានឆ្លងផ្លូវដែកមួយខ្សែលើជ្រលងជ្រោះនារដ្ឋ Mizoram ប្រទេសឥណ្ឌា បានបាក់រលំ អំឡុងពេលកំពុងសាងសង់ បណ្ដាលឱ្យកម្មករយ៉ាងហោចណាស់ ២៦ នាក់បាត់បង់ជីវិត។
បើតាមការបញ្ជាក់ពីប្រមុខរដ្ឋ Mizoram លោក Zoramthang បានឱ្យដឹងថា ហេតុការណ៍នោះដែរ បានកើតមានឡើងនៅវេលាម៉ោងប្រមាណ ១១ ព្រឹក ក្នុងក្រុង Sairang ចម្ងាយប្រមាណ ២១ គីឡូម៉ែត្រពីក្រុង Aizawl នៃរដ្ឋ Mizoram នៅពេលដែលកម្មករ ៣៥ ទៅ ៤០ នាក់ កំពុងបំពេញការងារ។ ក្រោយហេតុការណ៍ សាកសពកម្មករចំនួន ២៦ នាក់ត្រូវបានរកឃើញ ខណៈច្រើននាក់ទៀតនៅកំពុងបាត់ខ្លួននៅឡើយ។
គួរបញ្ជាក់ដែរថា ហេតុការណ៍បាក់រលំនៅកន្លែងសាង់សង់សំខាន់ៗ គឺឧស្សាហ៍កើតមានឡើងណាស់ក្នុងប្រទេសមួយនេះ ហើយស្ពានដែលបានបាក់រលំនោះ គឺជាផ្នែកមួយនៃគម្រោងផ្លូវដែលរបស់ឥណ្ឌា ដែលបំណងតភ្ជាប់រាល់ក្រុងទាំងអស់នៃរដ្ឋនាតំបន់ភាគឦសានប្រទេស។ ជាមួយគ្នានោះដែរ ខាងរដ្ឋាភិបាល នឹងផ្ដល់ជាទឹកប្រាក់ប្រមាណ ២៤០០ ដុល្លារ ដល់រាល់សាច់ញាតិជនរងគ្រោះ ដែលបានបាត់បង់ជីវិត៕