ភ្ញាក់ផ្អើល! ប្រទះឃើញសត្វក្រពើធំមួយក្បាល សំងំខ្លួនក្រវៀនៗក្នុងព្រៃក្រោយផ្ទះពលរដ្ឋ នៅម្តុំពេទ្យនាគទេពចាស់ ខេត្តសៀមរាប
កាលពីពេលកន្លងទៅថ្មីៗនេះ មានគណនីប្រជាពលរដ្ឋមួយរូបបានបង្ហោះសារដូច្នេះថា ៖ «ម្ចាស់ផ្ទះបានឃើញមានក្រពើ ១ ក្បាល នៅក្នុងដីគាត់មិនដឹងមកពីណាទេ សូមមន្រ្តីជំនាញមានវិធានការផង ក្រពើនេះធំណាស់ម្ចាស់អាងក្រពើក្បែរផ្ទះគាត់ថាមិនមែនក្រពើគាត់ទេ ម្ចាស់ផ្ទះគាត់ខាងមុខមានក្មេងតូចៗលែងហ៊ានឱ្យកូនតូចដើរលេងចេញខាងក្រោយផ្ទះហើយ ទីតាំងផ្លូវលោកតាណឺយម្តុំក្រោយពេទ្យនាគទេពចាស់»។
យ៉ាងណាមិញ បន្ទាប់ពីទទួលបានព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ចពោះករណីប្រទះឃើញសត្វក្រពើមួយក្បាលនៅចំណុចដីឡូត៍មួយកន្លែង ស្ថិតនៅក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាបនេះហើយ លោក នួន ពុទ្ធារ៉ា អភិបាល នៃគណៈអភិបាលក្រុងសៀមរាប បានចាត់តាំងឱ្យលោក ហាយ យង់ អភិបាលរងក្រុងសៀមរាប សហការជាមួយជំនាញជលផលខេត្ត អាជ្ញាធរភូមិ សង្កាត់ និង ប៉ុស្តិ៍រដ្ឋបាល ចុះពិនិត្យស្ថានភាព និង ប្រើប្រាស់អេស្កាវ័តទ័រ ១ គ្រឿង សម្អាតព្រៃក្នុងដីឡូត៍នេះ ព្រមទាំងអ្នកជំនាញចាប់យកសត្វក្រពើចេញពីទីតាំងនេះរួចរាល់ ប្រគល់ជូនជំនាញជលផលយកទៅគ្រប់គ្រង ដើម្បីធានាដល់សុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មេងៗរស់នៅបរិវេណខាងលើនេះផងដែរ៕