យុវវ័យនៅចិននាំគ្នាលែងចង់ធ្វើការ ចង់ឱ្យតែក្រុមហ៊ុនបណ្ដេញចេញ ព្រោះស្ត្រេសពេក
នៅប្រទេសចិន បច្ចុប្បន្ននេះ បញ្ហាក្មេងៗយុវវ័យ ដែលនាំគ្នារកវិធីឱ្យក្រុមហ៊ុនបញ្ឈប់ការងាររបស់ពួកគេ ដើម្បីទទួលបានប្រាក់សំណង និង គេចវេសបញ្ហាស្ត្រេសនៅកន្លែងការងារនោះ កំពុងផ្ទុះពេញនិយមតាមគ្នាជាខ្លាំង។
ជាក់ស្ដែង នៅលើតាមបណ្ដាញសង្គមចិន Xiaohongshu ឃ្លា «young people waiting for N+1» កំពុងតែ trending ខ្លាំងបំផុត។ ពាក្យ «N+1» គឺចង់សំដៅលើប្រាក់សំណងពេលបញ្ឈប់ការងារ បូករួមជាមួយនឹងប្រាក់ខែមួយខែថែមពីលើទៀត ដែលបណ្ដាក្រុមហ៊ុននៅចិន ត្រូវឱ្យបុគ្គលិកដែលបញ្ចប់កុងត្រាមុនពេលកំណត់ ទៅតាមច្បាប់ប្រទេសនេះ។
ដោយឡែក ការដែលទទួលប្រាក់សំណងនេះ មិនមែនជាហេតុផលតែមួយដែលយុវវ័យទាំងនោះចង់ឈប់ពីការងារនោះឡើយ ប៉ុន្តែការដែលចង់ឱ្យក្រុមហ៊ុនបញ្ឈប់នេះ ក៏ព្រោះតែចង់កាត់បន្ថយបញ្ហាស្ត្រេស និង សម្ពាធដែលពួកគេទទួលរងពេលធ្វើការងារផងដែរ។ យុវវ័យនៅប្រទេសចិនជាច្រើន បច្ចុប្បន្ននេះ បានបង្ហាញការមិនពេញចិត្ត ជាមួយភាពជាអ្នកដឹកនាំ ការដឹកនាំរបស់មេក្រុម និង ក្រុមការងាររបស់ពួកគេ ប៉ុន្តែពួកគេមិនចង់ដាក់ពាក្យលាឈប់នោះឡើយ ដោយរង់ចាំឱ្យក្រុមហ៊ុនបញ្ឈប់វិញ ដើម្បីអាចបានលុយសំណង។
គួរឱ្យដឹងផងដែរថា ភាពគ្មានការងារធ្វើ គឺជាបញ្ហាធំបំផុតក្នុងប្រទេសចិន ជាពិសេសចំពោះយុវវ័យក្មេងៗតែម្តង។ អត្រានៃភាពគ្មានការងារធ្វើ សម្រាប់ក្រុមមនុស្សអាយុចន្លោះពី ១៦ ទៅ ២៤ ឆ្នាំ គឺហក់ខ្ពស់មកជាង ២០ ភាគរយ នៅចន្លោះខែមេសា និង មិថុនា និង ធ្លាក់ចុះមក ១៩.៩ ភាគរយនៅក្នុងខែកក្កដា នេះបើតាមរបាយការណ៍ស្ថិតិពី National Bureau of Statistics៕