ដូចរឿងហុងកុងមែន! តាមចាប់ក្រុមឧក្រិដ្ឋជនរំដោះអ្នកទោសនៅសៀមរាប បាន ៦ នាក់ហើយ នៅតែមេខ្លោង
នៅព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣ ម្សិលមិញនេះ មានករណីខ្មាន់កាំភ្លើងមួយក្រុមមានគ្នា ៥ នាក់ មានអាវុធគ្រប់ដៃសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រោយមានករណីនេះ នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣ នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក Fresh News ឱ្យបានដឹងថា ក្រុមឧក្រិដ្ឋជនពាក់ព័ន្ធករណីរំដោះអ្នកទោស នៅខេត្តសៀមរាប ត្រូវបង្ក្រាបបានចំនួន ៦ នាក់ហើយ។
បើតាមនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន, មេក្លោងដែលជាអ្នកទោសនោះមិនត្រូវចាប់ខ្លួនបាននៅឡើយទេ ដោយកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងស្រាវជ្រាវតាមចាប់បន្ដទៀតយ៉ាងយកចិត្តទុកដាក់។ ឧក្រិដ្ឋជនទាំង ៦ នាក់ ដែលបង្ក្រាបបាននេះ គឺធ្វើឡើងនៅពីរគោលដៅផ្សេងគ្នា ពោលគឺបង្ក្រាបបាននៅយប់ថ្ងៃទី ១៧ ខែសីហា បានចំនួន ៤ នាក់ នៅខណ្ឌបឹងកេងកង និង ចំនួន ២ នាក់ បង្ក្រាបបាននៅព្រឹកថ្ងៃទី ១៨ ខែសីហា នៅសណ្ឋាគារធំមួយកន្លែង នៅក្បែរកោះពេជ្រ។
សូមរំឭកផងដែរថា នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣ ម្សិលមិញនេះ មន្ដ្រីពន្ធនាគារចំនួន ៤ នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិនឈ្មោះ Chen hsin han អាយុ ៤៥ ឆ្នាំ ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ដែលចំនួនទោសជាង ៥០ ឆ្នាំ ទៅគ្លីនិចធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ ៥ នាក់ មានពាក់ស្រោមមុខ ស្រោមដៃ និង ប្រដាប់ដោយអាវុធដែលតកាណុងបានភ្ជង់ទៅកាន់មន្ដ្រីពន្ធនាគារ ហើយជនសង្ស័យបានចូលទៅរំដោះអ្នកទោសចេញទៅបាត់។ ពេលធ្វើសកម្មភាពនោះ ក្រុមខ្មាន់កាំភ្លើងបានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារ ចំនួន ៤ នាក់ថែមទៀត រួចរត់គេចខ្លួនបាត់ទៅ៕
ប្រភព ៖ Fresh News