ទីបំផុត! បុរសបង្កការភ្ញាក់ផ្អើលរឿងត្រីស៊ីសាច់មនុស្ស នៅស្រុកសំឡូត ចេញមុខបកស្រាយហើយ
កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញមកបកស្រាយពាក់ព័ន្ធនឹងករណីផ្អើលថា មានត្រីស៊ីសាច់មនុស្សនៅស្ទឹងក្រញូង ស្រុកសំឡូត ខេត្តបាត់ដំបង។ លោកអធិការនគរបាលស្រុកសំឡូត បានបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ វេលាម៉ោង ១៦ និង ៣០ នាទី នៅចំណុចដងស្ទឹងក្រញូង ដែលស្ថិតនៅភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីត្រីក្រពតខាំទៅលើបុរសម្នាក់ឈ្មោះ សួន ចំរើន អាយុ ៦៣ ឆ្នាំ មានទីលំនៅបច្ចុប្បន្នក្រុមទី ៩ ភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង បណ្តាលឱ្យមានឈាមហូរ ពេលចុះទៅក្នុងទឹកស្ទឹង។
ជាក់ស្ដែង នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣ ដដែល ក្រោយពីមានការបកស្រាយ និង ការស្រាវជ្រាវពីខាងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បុរស ដែលជាអ្នកបង្ហោះវីដេអូបង្កជាការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមបានចេញមុខបកស្រាយថា នោះមិនមែនជាត្រីស៊ីសាច់មនុស្សឡើយ ប៉ុន្តែជាត្រីក្រពត ហើយលោកមិនបានដឹងព័ត៌មានពិតប្រាកដ។
ជាមួយគ្នានេះដែរ បុរសម្នាក់ ដែលជាអ្នកបង្ហោះសារនិយាយរឿងត្រីស៊ីសាច់មនុស្ស បានថតវីដេអូបង្ហោះចេញមុខសុំទោសជាសាធារណៈថា លោកជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «ស៊ូលំបាកថ្ងៃនេះ ដើម្បីថ្ងៃស្អែក» ដែលបានបង្ហោះវីដេអូពីត្រីស៊ីសាច់មនុស្ស ឬត្រីពីរ៉ាន់ញ៉ា ដោយបានបញ្ជាក់ថា ការដែលលោកបង្ហោះនោះគឺ ដោយសារលោកបានឮអ្នកភូមិនិយាយក្នុងវីដេអូនោះតែប៉ុណ្ណោះ។
មិនតែប៉ុណ្ណោះ លោកបានបញ្ជាក់ឱ្យដឹងទៀតថា លោកមិនបានដឹងពីរឿងពិតយ៉ាងណាទេ ព្រោះបច្ចុប្បន្នលោកគឺជាពលករចំណាកស្រុកនៅប្រទេសថៃ នៅឡើយទេ ហើយការបង្ហោះនោះដែរគឺ មិនមានន័យចង់បង្កការជាការភ្ញាក់ផ្អើលអ្វីទេ ព្រោះលោកមិនបានគិតថា វានឹងបង្កជាការភ័យខ្លាច ឬរឿងធំដុំយ៉ាងនេះទេ អាស្រ័យហេតុនោះលោកសុំទោសចំពោះមហាជនទាំងអស់ក្នុងបណ្ដាញសង្គមហ្វេសប៊ុក៕