ផ្អើលហើយនៅថៃ! ពេលនេះរូបសំណាក គ្រូកាយកែវ ត្រូវខាងក្រុមប្រឹក្សាសិល្បករថៃ ទាមទារឱ្យដកចេញបន្ទាន់
មួយរយៈក្រោយនេះ នៅប្រទេសថៃកំពុងតែផ្ទុះផ្អើលជាខ្លាំងជាមួយនឹងវត្តមានរបស់ គ្រូកាយកែវ ជារូបសំណាកដ៏ធំមួយស្រដៀងនឹងរូបអសុរកាយ ដែលត្រូវគេបានយកមកដាក់តាំងនៅខាងមុខសណ្ឋាគារមួយកន្លែង នាទីក្រុងបាងកក។
យ៉ាងណាមិញ មានមហាជនច្រើនណាស់ដែលមានសទ្ធាជាមួយ គ្រូកាយកែវ ដោយបានបុកសម្រុកទៅបែរបន់ភ្លូកទឹកភ្លូកដី ខណៈអ្នកមួយចំនួនទៀតហាក់មិនពេញចិត្តឡើយ ចំពោះប្រវត្តិរបស់គ្រូកាយកែវ និង រូបរាងរបស់លោក។
ជាក់ស្តែងថ្មីៗនេះ ក្រុមប្រឹក្សាសិល្បកររបស់ថៃ ដែលជាក្រុមលើកកម្ពស់ព្រះពុទ្ធសាសានា បានចេញមុខប្រតិកម្មជំនួសពុទ្ធសាសនិកជន និង មហាជនផ្សេងក្នុងប្រទេស ដោយទាមទារតវ៉ាឱ្យមានការយករូបសំណាក គ្រូកាយកែវ នេះចេញឱ្យបានលឿនបំផុត។ ក្រុមសិល្បករបានឱ្យដឹងថា កាលដែលខាងសណ្ឋាគារ Night Bazaar បានយករូប គ្រូកាយកែវ នេះមកដាក់បានបង្កឱ្យមានមនុស្សទៅសុំពរសុំជ័យ ដែលជាជំនឿជឿខុសក្នុងព្រះពុទ្ធសាសានា។
បើទោះបីនេះជាជំនឿផ្ទាល់ខ្លួនពិតមែន តែការយករូបមកតាំងបែបនេះ អាចជាអពមង្គល អាចឱ្យអ្នកជិះកាត់ទាំងឡាយឃើញហើយមានភាពភ័យខ្លាចបាន ហើយសូម្បីតែឈ្មោះ កាយកែវ នេះ ក៏ធ្វើឱ្យប៉ះពាល់ដល់ព្រះពុទ្ធសាសានាដែរ។ ដូច្នេះហើយ ក្រោយពីបានយល់ឃើញពីមតិមិនពេញចិត្តរបស់មហាជនជាច្រើន ទើបខាងក្រុមប្រឹក្សាសិល្បករ ក៏បានធ្វើជាតំណាង និង រួមមតិគ្នាធ្វើជាលិខិតស្នើរសុំ ឱ្យខាងអ្នកគ្រប់គ្រងសណ្ឋាគារ Night Bazaar ពិចារណារ និង ធ្វើអន្តរាគមន៍យករូបសំណាកគ្រូកាយកែវចេញជាបន្ទាន់ ដើម្បីឱ្យប្រជាជនមានការសប្បាយចិត្តឡើងវិញ៕