ក្ដៅៗ! លោកគ្រូ ដែលយកទង់ជាតិខ្មែរទ្រាប់ជ្រុញចិញ្ច្រាំប្រហុក ចេញលិខិតសុំទោសហើយ
កាលពីពេលកន្លងទៅថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការបញ្ចេញមតិព្រោងព្រាត ទាក់ទងទៅនឹងករណីគ្រូបង្រៀនមួយរូប ត្រូវបានគេបង្ហោះវីដេអូ យកទង់ជាតិខ្មែរ ទ្រាប់ជ្រុញដើម្បីចិញ្ច្រាំប្រហុក។
ស្រាប់តែ នៅរសៀលថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣ នេះ តាមរយៈគណនីលោកគ្រូផ្ទាល់ មានឈ្មោះ ទិត ឃត អាយុ ៥១ ឆ្នាំ ជាគ្រូបង្រៀននៅអនុវិទ្យាល័យ ជ័យសែន ភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ បានចេញលិខិតសុំអភ័យទោស កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣ ចំពោះសកម្មភាពធ្វើម្ហូប (ប្រហុកចិញ្ច្រាំ) ស្ថិតក្នុងសាលាអនុវិទ្យាល័យ ជ័យសែន ក្នុងគោលបំណងពិសាបាយជុំគ្នាជាមួយលោកគ្រូ អ្នកគ្រូក្នុងសាលា ប៉ុន្តែក្នុងសកម្មភាពធ្វើម្ហូបនេះ លោកបានយកទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសភាពចាស់ រហែក មកទ្រាប់ក្រោមជ្រុញ ដោយ មិនបានគិតវែងឆ្ងាយ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសជាតិ និងប្រជាជនកម្ពុជាទូទាំងប្រទេស ដោយអចេតនា។
ដោយហេតុនេះ លោកគ្រូបានបញ្ជាក់ថា ៖ «ខ្ញុំបាទពិតជាមានការសោកស្តាយជាពន់ពេក ក្នុងនាមជាគ្រូបង្រៀន និងជនជាតិខ្មែរមួយរូប ដែលមានការធ្វេសប្រហែស ខ្វះការពិចារណា ដែលសកម្មភាពនេះហាក់ដូចជា ប្រមាថមើលងាយ លើប្រទេសជាតិ លើប្រជាជនរួមជាតិសាសន៍របស់យើង។ ជាមួយគ្នានេះ ខ្ញុំបាទសូមការយោគយល់ អាធ្យាស្រ័យ និងអភ័យទោសពីសំណាក់ ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ពិសេស លោកប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តព្រះវិហារ ឯកឧត្តមអភិបាលខេត្ត ព្រះវិហារ បងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងក្នុងប្រទេស និង ក្រៅប្រទេស សូមអភ័យទោសឱ្យរូបខ្ញុំបាទ ដោយក្តី អនុគ្រោះ»៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖