គ្រូកាយកែវ ដែលមហាជនថៃនាំគ្នាជឿងប់នោះ គ្មានពិតក្នុងប្រវត្តិសាស្ត្រទេ តែកើតចេញពីការស្រមៃមកធ្វើជារូបឱ្យគោរពតាម
មួយរយៈចុងក្រោយនេះនៅលើបណ្ដាញសង្គមអ៊ិនធើណែតរបស់ថៃកំពុងផ្ទុះការជជែកវែកញែកខ្លាំងជាមួយនឹងរឿងរ៉ាវ គ្រូកាយកែវ ដែលអ្នកគោរពជនជាតិថៃបានលើកឡើងថាជាបរមគ្រូរបស់ព្រះមហាវីរៈក្សត្រខ្មែរក្នុងសម័យមហានគរដ៏រុងរឿងមួយអង្គ ដោយអ្នកខ្លះយោងតាមចម្លាក់រូបព្រាហ្មណ៍ដែលមាននៅតាមប្រាសាទខ្មែរ គឺអង្គរវត្ត និង អង្គរធំ។
ដោយឡែក បន្ទាប់ពីមានការជជែកវែកខ្លាំងពេក គេក៏ឃើញអ្នកប្រវត្តិសាស្ត្រជនជាតិថៃម្នាក់ លោក Kang Vol Khatshima បានឡើងធ្វើបទសម្ភាសក្នុងកម្មវិធីមួយ ដោយបានធ្វើការបដិសេធ និង លើកឡើងថា ព្រះគ្រូកាយកែវ ពុំមែនជាប់ពាក់ព័ន្ធនឹងព្រះមហាក្សត្រខ្មែរក្នុងសម័យមហានគរឡើយ ហើយក៏ពុំមែនជាបរមគ្រូដែរ ព្រោះពុំមានភស្តុតាងណាមួយក្នុងសិលាចារឹកខ្មែរ ឬ ប្រវត្តិសាស្ត្រខ្មែរមានឈ្មោះ កាយកែវ ឡើយ។
ដោយឡែក ងាកមក គ្រូកាយកែវ នេះវិញគឺកើតឡើងតាមរយៈជំនឿរបស់អ្នកគោរពប៉ុណ្ណោះ តែបើឈ្មោះពិតតាមដំណើរប្រវត្តិសាស្ត្រគឺពុំមានចារឹកឡើយ។ ក្នុងនោះរាល់រូបរាងដែលបង្កើតឡើងគឺទៅតាមការស្រមៃនៃសេចក្តីជំនឿបុគ្គលប៉ុណ្ណោះ៕