ផ្ទុះល្បីរឿងផ្ទាំងផ្សាយពាណិជ្ជកម្ម ពេលនេះរដ្ឋបាលក្រុងប៉ោយប៉ែតឱ្យចុះរុះរើអស់ហើយ ព្រមទាំងបញ្ជាក់បន្ថែមយ៉ាងនេះ
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម នាពេលថ្មីៗនេះបាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល ក្រោយពីបានឃើញផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មមួយស្ថិតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដោយបានផ្សព្វផ្សាយថា ៖ «ប្រជាជនថៃ ពួកយើងមកហើយ»។
ក្រោយឃើញបែបនេះ បើតាមការឱ្យដឹងពីរដ្ឋបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា នៅម៉ោង ២ រសៀល ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង អនុវត្តតាមបទបញ្ជារបស់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានចាត់តាំងក្រុមការងារចុះរុះរើផ្ទាំងផ្សាយពាណិជ្ជកម្មនៅលើផ្លូវជាតិលេខ ៥ ទល់មុខការិយាល័យគយ និង រដ្ឋាករប៉ោយប៉ែត រួចរាល់ហើយ បន្ទាប់ពីផ្ទុះនូវការមិនពេញចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើន។
ទន្ទឹមគ្នានេះ រដ្ឋបាលក្រុងបានបញ្ជាក់ថា ការដាក់ស្លាកផ្សាយពាណិជ្ជកម្មនេះពុំមានច្បាប់អនុញ្ញាតិ ឬ ស្នើសុំពីអាជ្ញាធរមានសមត្ថកិច្ចណាមួយឡើយ។ រដ្ឋបាលក្រុងក៏សូមទទួលយករាល់មតិរិះគន់ដើម្បីស្ថាបនា ពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់៕