អ៊ីតាលី នឹងធ្វើម្ចាស់ផ្ទះការប្រយុទ្ធក្នុងទ្រុងរវាង Elon Musk និង Mark Zuckerberg ដើម្បីសប្បុរសធម៌
សារព័ត៌មាន BBC នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៣ នេះបានចុះផ្សាយថា ការប្រយុទ្ធគ្នាក្នុងទ្រុងដែលបានគ្រោងទុករវាងលោក Elon Musk និង Mark Zuckerberg អាចនឹងធ្វើឡើងនៅក្នុងប្រទេសអ៊ីតាលី នៅទីក្រុងរ៉ូមបុរាណ។
ពាក់ព័ន្ធនឹងរឿងនេះដែរ រដ្ឋមន្ត្រីក្រសួងវប្បធម៌របស់ប្រទេសអ៊ីតាលី កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ បាននិយាយថា លោកបាននិយាយជាមួយនឹងលោក Musk អំពីការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតសម្រាប់សប្បុរសធម៌នេះហើយ ក្រោយពីអ្នកទាំងពីរបានបញ្ជាក់ថាការប្រកួតនេះនឹងប្រមូលលុយទៅបរិចា្ចគឱ្យទៅមន្ទីរពេទ្យកុមារ។
យ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួងវប្បធម៌របស់ប្រទេសអ៊ីតាលី លោក Gennaro Sangiuliano បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៀតថា ៖ «ព្រឹត្តិការណ៍សប្បុរសធម៌ដ៏អស្ចារ្យ នឹងឆ្លុះបញ្ចាំងពីសារសំខាន់ជាប្រវត្តិសាស្ត្ររបស់ប្រទេស ហើយខ្ញុំបានសន្ទនាគ្នាយ៉ាងយូរ និង រាក់ទាក់ជាមួយ Elon Musk ។ លើសពីនេះយើងបាននិយាយអំពីចំណង់ចំណូលចិត្តរួមគ្នារបស់យើង ចំពោះប្រវត្តិសាស្ត្ររ៉ូម៉ាំងបុរាណ។ យើងកំពុងគិតអំពីរបៀបរៀបចំកម្មវិធីសប្បុរសធម៌ និង ព្រឹត្តិការណ៍បំផុសគំនិតជាប្រវត្តិសាស្ត្រ ការគោរព និង ការការពារយ៉ាងពេញលេញ»។
លោក Sangiuliano បានបញ្ជាក់ដែរថា ៖ «ចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ជាច្រើនលានអឺរ៉ូ ត្រូវបានគេរំពឹងថានឹងបរិច្ចាគទៅមន្ទីរពេទ្យកុមារអ៊ីតាលី ចំនួនពីរ ដែលជាលទ្ធផលនៃការរៀបចំការប្រកួតក្នុងទ្រុង»។
គួរបញ្ជាក់ដែរថា លោក Elon Musk មានអាយុ ៥២ ឆ្នាំ និង លោក Mark Zuckerberg មានអាយុ ៣៩ ឆ្នាំគឺជា មហាសេដ្ឋីផ្នែកបច្ចេកវិទ្យា ២ រូបរបស់ពិភពលោក ហើយគំនិតដ៏ចម្លែកក្នុងការប្រយុទ្ធគ្នានេះ បានចាប់ផ្តើមកាលពីខែមិថុនា កន្លងទៅ នៅពេលដែលលោក Musk បាន Tweet នៅលើកម្មវិធី X របស់លោកថា ចង់ប្រកួតក្នុងទ្រុងជាមួយលោក Mark Zuckerberg ៕
ប្រភព ៖ BBC