មកទល់ពេលនេះ មានមនុស្ស ៤ នាក់ បានពុលស្ល-ា.ប់ ក្រោយបរិភោគសត្វកំភេមខ្មោច
នាយកដ្ឋានប្រយុទ្ធប្រឆាំងនិងជំងឺឆ្លង នៅរសៀលថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៣ នេះ បានបញ្ជាក់ឱ្យបានដឹងថា មានប្រជាពលរដ្ឋបានស្លាប់ចំនួន ៤ នាក់ហើយ នៅក្នុងខេត្តឧត្តមានជ័យ និង ព្រះវិហារ ដោយសារបរិភោគសត្វកំភេមខ្មោច និង សត្វស្រដៀងគ្នានេះ បានពុលនឹងជាតិ Cantharidin ដែលមាននៅក្នុងខ្លួនសត្វទាំងនេះ។
តាមប្រភពបានបញ្ជាក់ឱ្យដឹងថា សត្វកំភេមខ្មោចនេះពេលណាបានបរិភោគហើយវានឹងបង្កឱ្យមានពងមាត់ ក្អួតឈាម បាត់បង់ស្មារតី នោមឈាម និង ខូចតម្រងនោម ហើយបង្កឱ្យស្លាប់បាន។ អាស្រ័យហេតុនេះ សូមបងប្អូនកុំបរិភោគសត្វល្អិត រុក្ខជាតិ ដែលមិនស្គាល់មិនដឹង។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥។
គួរឱ្យដឹងដែរថា ក្នុងករណីមនុស្ស ៤ នាក់បានស្លាប់ខាងលើនេះ គឺមាន ២ នាក់បានស្លាប់នៅខេត្តព្រះវិហារ ដោយកាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ មានប្រជាពលរដ្ឋ ២ នាក់ប្ដីប្រពន្ធ រស់នៅក្នុងភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានសង្ស័យពុលចំណីអាហារ ដោយអ្នកទាំងពីរបានបរិភោគសត្វកំភេមខ្មោច ដែលពេលនោះបុរសជាប្ដីបានបរិភោគចំនួន ៣ ក្បាល និង ប្រពន្ធបានបរិភោគអស់ ៥ ក្បាល។
ក្រោយពីបរិភោគបានប្រមាណជា ១០ នាទី អ្នកទាំងពីរក៏មានអាការរមាស់ ក្អួតចង្អោរ និង មានពងបែកក្នុងមាត់ ប៉ុន្តែបើទោះជាគ្រូពេទ្យខិតខំព្យាបាលយ៉ាងណាក៏ដោយ ក៏អ្នកទាំងនៅតែបាត់បង់អាយុជីវិតដែរ ដោយស្រ្តីជាប្រពន្ធបានស្លាប់កាលពីថ្ងៃទី ៥ ខែសីហា ហើយបុរសជាប្ដីបានស្លាប់នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៣៕